ប្រទេសសូម៉ាលី៖មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា កម្លាំងសន្តិសុខសូម៉ាលីគាំទ្រដោយកម្លាំងដៃគូអន្តរជាតិ បានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបច្រើនជាង១០០នាក់ និងសមាជិកដៃគូរបស់ពួកគេ ក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃនៅកណ្តាលប្រទេស។
លោក អាបឌីរ៉ាម៉េន អាដាឡា អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍បាននិយាយថា ប្រតិបត្តិការ ដែលកំណត់គោលដៅលើមេដឹកនាំក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប និងក្រុមសកម្មប្រយុទ្ធ ខាវ៉ារ៉ារីជ ថែមទាំងបានបំផ្លាញឧបករណ៍បំផ្ទុះដែលបង្កប់ក្នុងរថយន្តវីប៊ីអាយអ៊ីឌី (VBIED)។
ប្រតិបត្តិការទាំងនោះបានកើតឡើងនៅក្នុងតំបន់ ម៉ាសាជីដ អាលី ហ្គូដូដ និងតំបន់ ប័រ អូឡូ ដែលគេស្គាល់ថា ជាតំបន់ ឌយឡាយ នៅកណ្តាលតំបន់ ស្ហាបែល។
ប្រតិបត្តិការទី១កាលពីថ្ងៃសៅរ៍បានវាយប្រហារកំណត់គោលដៅលើយានដ្ឋានមួយកន្លែង និងផ្ទះមួយខ្នង ដែលមេដឹកនាំ និងក្រុមសកម្មប្រយុទ្ធកំពុងជួបប្រជុំគ្នា ដោយបានសម្លាប់ក្រុមភេរវករ ២១នាក់ រាប់បញ្ចូលទាំង លោក អាបដូឡាហ៊ី អាលី អារ៉េល។ លោក អាដាឡា បាននិយាយថា ប្រតិបត្តិការផ្សេងទៀតបានធ្វើឡើងកាលពីថ្ងៃអាទិត្យ និងវាយប្រហារកំណត់គោលដៅទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប រាប់បញ្ជូលទាំងរថយន្ត វីប៊ីអាយអ៊ីឌី (VBIED) ដែលពួកគេប្រើសម្រាប់ការវាយប្រហារ។
កម្លាំងសន្តិសុខបានសច្ចាថានឹងបង្កើនប្រតិបត្តិការទាំងតាមអាកាស និងលើដី ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ដែលបាននិងកំពុងធ្វើការវាយប្រហារលើអ្នកស្រុក និងប្រមូលពន្ធខុសច្បាប់ពីអ្នកស្រុក។
គួរបញ្ជាក់ផងដែរថា ក្រៅពីបានបង្កើនប្រតិបត្តិការសន្តិសុខ ដែលធ្វើឡើងដោយកម្លាំងរដ្ឋាភិបាលសម្ព័ន្ធមិត្ត ក្រុមសកម្មប្រយុទ្ធបានបង្កើនការវាយលុករបស់ពួកគេប្រឆាំងនឹងកម្លាំងសន្តិសុខរដ្ឋាភិបាល និងកន្លែងសាធារណៈផ្សេងទៀតដើម្បីផ្តួលរំលំរដ្ឋាភិបាល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២