ប្រទេសបួគីណាហ្វាសូ៖ទាហានម្នាក់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហាន ១០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហារភេរវកម្មទៅលើមូលដ្ឋានយោធានៅតំបន់ជីបូ ភាគខាងជើងប្រទេសបួគីណាហ្វាសូ។
យោងតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ឱ្យដឹងថា កងវរសេនាធំអាវុធចម្រុះទី១៤ នៃតំបន់ជីបូរងការកំណត់គោលដៅពីក្រុមភេរវករដែលមានសមាជិកជាច្រើននាក់កាលពីព្រឹកថ្ងៃចន្ទ។ ទិន្នន័យបណ្តោះអាសន្នបានចង្អុលបង្ហាញឱ្យឃើញថា ទាហាន ១០នាក់ត្រូវបានសម្លាប់ និង ៥០នាក់រងរបួស។
កម្លាំងនៃកងវរសេនាធំដែលបានឆ្លើយតបទៅនឹងការបាញ់ប្រហារពីសត្រូវ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ សាកសព ១៨នាក់របស់ក្រុមភេរវករត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការស្វែងរក។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ទាហានបានប្រកាសជ្រើសរើសយុទ្ធជនស៊ីវិលស្ម័គ្រចិត្ត១៥ ០០០នាក់ ឱ្យបម្រើការងារជាកម្លាំងទ័ពជំនួយពិសេសដើម្បីពង្រឹងការប្រយុទ្ធប្រឆាំង
នឹងអំពើភេរវកម្ម។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសបួគីណាហ្វាសូកាន់តែអាក្រក់ទៅចាប់តាំងពីឆ្នាំ២០១៥ ខណៈដែលការវាយប្រហារភេរវកម្មបានសម្លាប់មនុស្សច្រើនជាង ១,០០០នាក់ និងបណ្តាលឱ្យមានការផ្លាស់ទីលំនៅប្រមាណជាជាង១,៩លាននាក់ផ្សេងទៀតនៅក្នុងប្រទេស អាហ្វ្រិកខាងលិច៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២