កាលពីថ្ងៃចន្ទនេះកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការសន្តិសុខប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (IS) ក្នុងគោលបំណងលុបបំបាត់ក្រុមជីហាដដែលនៅសេសសល់ស្ថិតនៅក្នុងតំបន់ផ្សេងៗគ្នានៃទីក្រុងម៉ូស៊ុល (Mosul)។
ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ធ្វើឡើងដោយកម្លាំងមកពីកងទ័ព និងបញ្ជាការប្រតិបត្តិការខេត្តនីនីវេ (Nineveh) ក្នុងកិច្ចសហប្រតិបត្តិការជាមួយកងជីវពលហាស អាល់-សាប៊ី (Hashd al-Shaabi) ដើម្បីការពារតំបន់នានាដែលស្ថិតនៅភាគខាងលិច និងភាគខាងត្បូងទីក្រុងម៉ូសុល។
យោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងចលនានិយម (PMF) ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានអ៊ីរ៉ាក់បានប្រាប់ឱ្យដឹងថា គោលបំណងនៃប្រតិបត្តិការសន្តិសុខនេះគឺដើម្បីតាមប្រមាញ់ក្រុមរដ្ឋអ៊ីស្លាមដែលនៅសេសសល់ស្ថិតនៅក្នុងទឹកដីអ៊ីរ៉ាក់។
គួរបញ្ជាក់ថា បើទោះបីជាមានការប្រកាសថាបានកម្ចាត់ក្រុមរដ្ឋអ៊ីស្លាមកាលពីឆ្នាំ២០១៧ ដោយរដ្ឋាភិបាលអ៊ីរ៉ាក់ក៏ដោយ ក៏ក្រុមបះបោរនៅតែបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល និងកងកម្លាំងសន្តិសុខនៅក្នុងប្រទេស ជាពិសេសនៅក្នុងតំបន់ដែលមានជម្លោះរវាងរដ្ឋធានីអឺប៊ីល (Erbil) និងបាដាដ (Baghdad)។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២