អង្គការសហប្រជាជាតិ៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្មថ្មីៗនៅក្នុងទីក្រុងម៉ូហ្កាឌីស្យុ ប្រទេសសូម៉ាលី។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ សមាជិកក្រុមប្រឹក្សាសន្តិសុខបានបញ្ជាក់ជាថ្មីថា អំពើរភេរវកម្មគ្រប់ទម្រង់ទាំងអស់ និងការបង្ហាញរបស់ពួកគេ គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។
សមាជិកក្រុមប្រឹក្សាសន្តិសុខបានរំលឹកឡើងវិញថា គ្រប់សកម្មភាពទាំងអស់នៃអំពើភេរវកម្ម គឺជាបទឧក្រិដ្ឋ និងមិនអាចលើកលែងឱ្យបាន ដោយមិនគិតពីការលើកទឹកចិត្តរបស់ពួកគេ មិនថានៅទីណា កន្លែងណា នៅពេលណា និងប្រព្រឹត្តដោយអ្នកណាក៏ដោយ ។
សមាជិកក្រុមប្រឹក្សាបានគូសបញ្ជាក់ពីតម្រូវការក្នុងការឃុំឃាំងជនល្មើស អ្នករៀបចំ អ្នកផ្តល់ហិរញ្ញប្បទាន រួមទាំងអ្នកឧបត្ថម្ភដល់អំពើភេរវកម្មដ៏គួរឱ្យស្អប់ខ្ពើមទាំងនោះ និងនាំពួកគេទៅកាន់កាត់ក្តីរកយុត្តិធម៌។ សមាជិកក្រុមប្រឹក្សាថែមទាំងបានសម្តែងការអាណិតអាសូរ និងបានរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះ ប្រជាជនសូម៉ាលី និងបានជូនពរឱ្យអ្នករបួសឆាប់ជាសះស្បើយ។
លោក ហាសាន ស្ហេក ម៉ូហាម៉ូដ ប្រធានាធិបតីប្រទេសសូម៉ាលី និយាយកាលពីថ្ងៃអាទិត្យថា ហេតុការណ៍ផ្ទុះគ្រាប់បែករថយន្តភ្លោះ បានវាយប្រហារនៅអាគារក្រសួងអប់រំប្រទេសសូម៉ាលី កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០នាក់ និងបង្ករបួសច្រើនជាង ៣០០នាក់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២