កងកម្លាំងអ៊ីរ៉ាក់ចាប់ស្ត្រីរដ្ឋអ៊ីស្លាមម្នាក់នៅទីក្រុងម៉ូស៊ុល

0

កាលពីថ្ងៃអង្គារនេះកងកម្លាំងអ៊ីរ៉ាក់បានចាប់ខ្លួនស្ត្រីរដ្ឋអ៊ីស្លាម (IS) ម្នាក់នៅទីក្រុងម៉ូស៊ុល (Mosul) ប្រទេសអ៊ីរ៉ាក់ ជាមួយនឹងឯកសារដែលជាកម្មសិទ្ធិរបស់ក្រុមជីហាដក៏បានរឹបអូសផងដែរ។

ប្រភពពីប៉ូលិសខេត្តនីនីវេ (Ninevah) បានប្រាប់សារព័ត៌មាន BasNews ថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ផ្អែកលើព័ត៌មានចារកម្ម បានចាប់ខ្លួនស្ត្រីរដ្ឋអ៊ីស្លាមម្នាក់ស្ថិតនៅក្នុងហាងទូរស័ព្ទមួយកន្លែងដែលនាងត្រូវបានគេរាយការណ៍ថាកំពុងរង់ចាំមនុស្សម្នាក់។

កងកម្លាំងសន្តិសុខបានរឹបអូសត្រា ឯកសារ និងឯកសារផ្ទាល់ខ្លួន ហើយបាននាំស្ត្រីរដ្ឋអ៊ីស្លាមរូបនេះទៅកាន់ទីស្នាក់ការប៉ូលិស ដើម្បីស៊ើបអង្កេត និងបញ្ជូនទៅកាន់តុលាការអ៊ីរ៉ាក់។

ហេតុការណ៍នេះបាន​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សមាជិករដ្ឋអ៊ីស្លាមដ៏​លេចធ្លោ​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខេត្ត​មាន​ជម្លោះកឺកុក (Kirkuk)។

គួរបញ្ជាក់ថា ក្រុមរដ្ឋអ៊ីស្លាមត្រូវបានប្រកាសថាចាញ់ទាំងស្រុងនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០១៧ ប៉ុន្តែក្រុមនេះនៅតែបន្តសកម្មនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសនេះ ដែលជាហេតុបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលនិងកងកម្លាំងសន្តិសុខ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here