ប្រទេសស៊ីរី៖ប្រជាជននៅភូមិចាដាដ អាកៃដាត ភាគអាគ្នេយ៍នៃទីក្រុងឌៀរអេហ្ស័របានធ្វើបាតុកម្មតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងសកម្មភាពរបស់កងជីវពល QSD ដែលមានពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក។
ប្រភពព័ត៌មាននៅក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានថា ប្រជាជននៅក្នុងតំបន់មួយចំនួននៅក្នុងភូមិចាដាដ អាកៃដាត បានធ្វើបាតុកម្មប្រឆាំងនឹងក្រុមកងជីវពល QSD និងធ្វើការថ្កោលទោសលើការអនុវត្តការគៀបសង្កត់របស់ក្រុមកងជីវពល ការចាប់ពង្រត់យុវជន និងការរំខានដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេដោយក្រុមប្រដាប់អាវុធដែលបានពង្រាយកម្លាំងនៅពេញតំបន់។
ប្រភពបន្ថែមថា ក្រុមបាតុករបានបិទផ្លូវធំទៅកាន់ភូមិដោយប្រើដុំថ្ម និងដុតសម្បកកង់ឡាន ដោយអំពាវនាវឱ្យបណ្តេញកងជីវពល QSD និងកងកម្លាំងកាន់កាប់របស់សហរដ្ឋអាមេរិកចេញពីតំបន់ អាល់ ចាហ្សេរ៉ា ប្រទេសស៊ីរី។
គួរបញ្ជាក់ផងដែរថា បាតុកម្មផ្សេងទៀតត្រូវបានធ្វើឡើងនៅក្នុងភូមិ ចាឌីត បាកការ៉ា ភាគខាងកើតនៃតំបន់ ឌៀរ អេហ្ស័រ ក្នុងការតវ៉ាប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មរបស់កងជីវពល QSD ប្រឆាំងនឹងអ្នកស្រុកនាំឱ្យមានអសន្តិសុខក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANAចុះផ្សាយថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២