អគ្គនាយកដ្ឋានកិច្ចការមីននៅទីខេត្តអឺប៊ីល (Erbil) បាននិយាយកាលពីថ្ងៃអាទិត្យនេះថាយ៉ាងហោចណាស់ជនស៊ីវិលម្នាក់បានរងរបួសធ្ងន់កាលពីថ្ងៃអាទិត្យនេះដោយសារការផ្ទុះមីននៅភាគឦសានខេត្តអឺប៊ីល។
អគ្គនាយកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ថ្ងៃនេះមីនមួយគ្រាប់បានផ្ទុះស្ថិតនៅក្នុងភូមិអាឡាណា (Alana) ស្រុកចូមែន បណ្ដាលឱ្យជនស៊ីវិលម្នាក់ឈ្មោះអារីហ្វ សាលី (Arif Salih) រងរបួស ។
ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ស្រុកអ៊ីប៊ីលដើម្បីព្យាបាល។ យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គនាយក ស្ថានភាពសុខភាពរបស់ជនរងគ្រោះ មានស្ថិរភាពហើយ ប៉ុន្តែគាត់បានបាត់បង់ជើងស្តាំមួយចំហៀង។
គួររំលឹកថាក្នុងខែឧសភា ឆ្នាំនេះ ទីភ្នាក់ងារកំចាត់មីនឃឺដ បានប្រកាសថាខ្លួនបានបោសសម្អាតគ្រាប់មីន អាវុធជាតិផ្ទុះ និងសំណល់សង្គ្រាមសរុបបានចំនួន១៥៦.៦១៥ ម៉ែត្រការ៉េ ដោយបន្ថែមថានៅតំបន់ផ្សេងៗគ្នានៃតំបន់ឃឺដក្នុងរយៈពេលបីខែកន្លងមកនេះគ្រាប់មីនចំនួន ២,៧៩៦គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះត្រូវបានយកចេញ និងបំផ្លាញដោយសុវត្ថិភាព។
យោងតាមទីភ្នាក់ងារបានឱ្យដឹងទៀតថា ជនរងគ្រោះដោយសារការផ្ទុះមីនប្រហែល១៣, ៥២១នាក់ត្រូវបានកត់ត្រាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២