ប្រទេសតួកគី៖ប្រធានាធិបតីតួកគី តៃយីប អឺដូហ្កាន់ បានប្រកាសកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស៦នាក់ត្រូវបានសម្លាប់ និង៥៣នាក់ផ្សេងទៀត រងរងបួសក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
អ្នកសារព័ត៌មានអ៊ីឡាស់បានដកស្រង់សម្តីរបស់លោកប្រធានាធិបតីមានខ្លឹមសារថា៖ “ ក្រោយពីមានការវាយប្រហារបានកើតឡើងភ្លាមៗនោះ កម្លាំងសន្តិសុខ និងបុគ្គលិកសុខាភិបាល ត្រូវបានបញ្ចូនទៅកាន់ទីតាំងកើតហេតុ ហើយអ្នករងរបួសត្រូវបានបញ្ចូនបន្ទាន់ទៅកាន់មន្ទីពេទ្យក្បែរនោះ”។
លោក អឺដូហ្កាន់ បានបន្ថែមថា៖ “កិច្ចខិតខំប្រឹងប្រែងដើម្បីកាន់កាប់ប្រទេសតួកគីតាមរយៈអំពើភេរវកម្មនឹងមិនដំណើរការនោះទេ។” លោកបានធ្វើសេចក្តីថ្លែងការណ៍នៅឯអាកាសយាន្តដ្ឋាន អាថាថុក នៅទីក្រុងអ៊ីស្តង់ប៊ុល មុនពេលលោកចាកចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី សម្រាប់កិច្ចប្រជុំកំពូល G20 នាពេលខាងមុខ។
ហេតុការណ៍ផ្ទុះនោះបានវាយប្រហារលើផ្លូវថ្មើរជើងដដ៏មមាញឹកនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅម៉ោង ៤ និង២០នាទីរសៀល ម៉ោងក្នុងស្រុក។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកក៏បានរាយការណ៍ផងដែរថា សំឡេងផ្ទុះបានបន្លឺឡើងនៅទូទាំងស្រុក បេយុកលូ និងបានបង្កឱ្យមានការភ័យស្លន់ស្លោរយ៉ាងខ្លាំង៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២