កម្លាំងតួកគីឃុំខ្លួនមនុស្ស៥០នាក់សង្ស័យមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍វាយប្រហារគ្រាប់បែក

0

ប្រទេសតួកគី៖លោក បេកៀស បុហ្សដេក រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ និយាយ​កាល​ពី​ថ្ងៃ​អង្គារថា កម្លាំងតួកគីបានឃុំខ្លួនជនសង្ស័យ៥០នាក់លើករណីវាយប្រហារបំផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល កាលពីដើមសប្តាហ៍នេះ។

លោក បុហ្សដេក ប្រាប់សភាថា ជនជាប់ឃុំខ្លួនទាំងនោះរាប់បញ្ចូលទាំងស្ត្រីជនជាតិស៊ីរីដែលត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីមានហេតុណ៍ផ្ទុះគ្រាប់បែកបង្កប់នៅលើដងផ្លូវអ៊ីសធីកកាល។ លោកនិយាយថា៖ “បន្ទាប់មកទៀត មនុស្សជាច្រើនដែលជួយគាំទ្រដល់សកម្មភាពភេរវកម្ម និងត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ទំនាក់​ទំនង​ជាមួយក្រុម​ភេរវករ​ទាំងនេះ​ក៏​ត្រូវ​បាន​គេឃុំ​ខ្លួន​ដែរ។”

កម្លាំងប៉ូលិសតួកគីបាននិយាយកាលពីថ្ងៃចន្ទថា ស្ត្រីជនជាតិស៊ីរីម្នាក់បានសារភាពថា នាងបានទទួលបញ្ជាវាយប្រហារពីគណបក្សពលករឃឺដ (PKK) ខុសច្បាប់នៅក្នុងប្រទេសស៊ីរី និងការបាញ់ប្រហាររបស់ខ្លួននៅក្នុងប្រទេសស៊ីរីដោយអង្គភាពការពារប្រជាជន (YPG)។ អង្គភាពទាំង២នេះត្រូវបានចុះក្នុងបញ្ចីអង្គភាពភេរវករដោយប្រទេសតួកគី។​

ហេតុការណ៍ផ្ទុះកាលពីល្ងាចថ្ងៃអាទិត្យបានវាយប្រហារលើផ្លូវ បណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ និង ៨១នាក់រងរបួស។ លោក ហ្វារ៉េធីន កូកា រដ្ឋមន្ត្រីសុខាភិបាលតួកគី បានផុសលើបណ្តាញសង្គមទ្វីតទ័កាលពីថ្ងៃអង្គារមានខ្លឹមសារថា មនុស្ស ៥៨នាក់ដែលរងរបួសបានធូរស្បើយចេញពីមន្ទីពេទ្យ ខណៈដែលមនុស្ស ១៧នាក់ផ្សេងទៀត ទទួលបានការព្យាបាលបន្ត និង ៦នាក់ផ្សេងទៀត ត្រូវការការថែទាំពិសេសបន្ថែម៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here