កម្លាំងតួកគីវាយប្រហារលើក្រុមឃឺដនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី បន្ទាប់ពីមានហេតុការណ៍ផ្ទុះនៅទីក្រុងអ៊ីស្តង់ប៊ុល

0

ប្រទេសតួកគី៖ មន្ត្រីក្រសួងការពារជាតិតួកគីបាននិយាយថា កម្លាំងតួកគីបានធ្វើប្រតិបត្តិការតាមអាកាសកាលពីព្រឹកថ្ងៃអាទិត្យដើម្បីប្រឆាំងនឹងសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ៤នាក់ នៅភាគខាងជើងប្រទេសស៊ីរី និងគណបក្សពលករឃឺដ (PKK) ខុសច្បាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

មន្ត្រីក្រសួងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា​ ប្រតិបត្តិការតាមអាកាស ខ្ល ស្វដ (Claw-Sword) ត្រូវបានធ្វើឡើងនៅក្នុងតំបន់ដែលគេបានប្រើជាមូលដ្ឋានដើម្បីវាយប្រហារលើកម្លាំងតួកគី និងដើម្បីការពារខ្លួនស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្រសួងបានផុសលើបណ្តាញសង្គមទ្វីតធ័រមានខ្លឹមសារថា៖ “វាជាពេលវេលាសម្រាប់ការពិចារណា។ ក្រុមភេរវករត្រូវទទួលខុសត្រូវចំពោះការវាយប្រហារទាំងអស់ ”។

ប្រតិបត្តិការនោះត្រូវបានធ្វើឡើង បន្ទាប់ពីមានហេតុការណ៍វាយប្រហារសម្លាប់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ និងបណ្តាលឱ្យមនុស្ស ៨១នាក់រងរបួស។ ប៉ូលិសតួកគីបាននិយាយថា ពួកគេបានឃុំខ្លួនស្ត្រីជនជាតិស៊ីរីម្នាក់ដែលមានឈ្មោះថា អាឡា អាល់បាស្ហៀរ ដែលបានសារភាពថា បានទទួលបញ្ជាធ្វើការវាយប្រហារពីអង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG)។

គួរបញ្ជាក់ផងដែរថា ទីក្រុងអង់ការ៉ាបានចាត់ទុក អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ជាសាខារបស់គណបក្សពលករឃឺដ (PKK) ខុសច្បាប់នៅក្នុងប្រទេសស៊ីរី។

គួររំលឹកផងដែរថា គណបក្សពលករឃឺដ(PKK) ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវករ​ដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​តួកគី​អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​មក​ហើយ ហើយថែមទាំងបានសម្លាប់​មនុស្សច្រើន​ជាង៤០ ០០០ នាក់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here