ប្រទេសតួកគី៖មន្ត្រីតួកគីនិយាយថា មនុស្ស ២នាក់ស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស នៅភាគខាងជើងប្រទេសតួកគីកាលពីថ្ងៃចន្ទ ក្នុងហេតុការណ៍វាយប្រហារគ្រាប់រ៉ូក្កែតចេញពីទឹកដីនៃប្រទេសស៊ីរី។
លោក ដាវុធ ហ្កោល អភិបាលក្រុងបានសរសេរលើបណ្តាញសង្គមទ្វីតធ័មានខ្លឹមសារថា ក្រុមភេរវករបានបាញ់គ្រាប់រ៉ូក្កែត ៥គ្រាប់ចេញពីភាគខាងកើតនៃទន្លេអឺប្រាតក្នុងប្រទេសស៊ីរីវាយប្រហារកំណត់គោលដៅទៅលើស្រុកកាកាម៊ីស ភាគខាងជើងខេត្តហ្កាហ្សៀនថេប។ អ្នករងគ្រោះ ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ភ្នាក់ងារសារព័ត៌មាន អាណាដូលូ បានរាយការណ៍ថា គ្រាប់រ៉ូក្កែតបានវាយប្រហារលើវិទ្យាល័យមួយកន្លែង ផ្ទះ២ខ្នង និងនៅតំបន់ក្បែរព្រំដែន។
កម្លាំងតួកគីបានបើកការវាយប្រហារតាមអាកាសកាលពីព្រឹកថ្ងៃអាទិត្យប្រឆាំងនឹងអង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) នៅភាគខាងជើងប្រទេសស៊ីរី និងគណបក្សពលករឃឺដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
គណបក្សពលករឃឺដែលបានចុះក្នុងបញ្ចីអង្គការភេរវករដោយប្រទេតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលប្រមាណជាជាង៣០ឆ្នាំមកហើយ។ ទីក្រុងអង់ការ៉ាបានចាត់ទុកសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរីជាសាខារបស់គណបក្សពលករឃឺដ (PKK)៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២