គ្រាប់មីនបង្កប់ក្រោមដីផ្ទុះ បង្ករបួសដល់មនុស្ស១២នាក់នៅភាគខាងលិចប្រទេសយេម៉ែន

0

ប្រទេសយេម៉ែន៖ទូរទស្សន៍ អាល់ ម៉ាសៀរ៉ាស់ ដំណើរការដោយក្រុមហ៊ូទីបានរាយការណ៍កាលពីថ្ងៃចន្ទថា ហេតុការណ៍ផ្ទុះគ្រាប់មីនបង្កប់ក្រោមដីបង្ករបួសដល់មនុស្ស ១២នាក់រាប់បញ្ជូលទាំងក្មេង ៩នាក់ នៅក្នុងស្រុកថុហាយថា ខេត្តហូដីដាស់ ភាគខាងលិចប្រទេសយេម៉ែន។

អ្នកសារព័ត៌មានទូរទស្សន៍បានដកស្រង់សម្តីអាជ្ញាធរមូលដ្ឋានមានខ្លឹមសារថា សោកនាដកម្មនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ហើយជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ស្រុក ។

អង្គការសង្គ្រោះកុមារ ដែលជាអង្គការមិនមែនរដ្ឋាភិបាល បាននិយាយនៅក្នុងរបាយការណ៍កាលពីថ្ងៃសៅរ៍ថា មុនថ្ងៃទិវាកុមារអន្តរជាតិមួយថ្ងៃ កុមារសរុប៩២នាក់ត្រូវបានសម្លាប់ដោយសង្គ្រាមនៅប្រទេសយេម៉ែន ចាប់តាំងពីដើមឆ្នាំ២០២២​។ កុមារ ២៤១នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងដូចគ្នា។

បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា កុមារសរុប២០១នាក់ ស្លាប់ និង៤៨០នាក់ផ្សេងទៀតរងរបួស ដោយសារតែមានជម្លោះនៅក្នុងប្រទេសកាលពីឆ្នាំ២០២១។

ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ដណ្តើមខេត្តមួយចំនួននៅភាគខាងជើងមកគ្រប់គ្រង និងបង្ខំ រដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតចេញពីរាជធានីសាណា។

កាលពីខែមុន រដ្ឋាភិបាល និងក្រុមឧទ្ទាមហ៊ូធី បានបរាជ័យក្នុងការបន្តបទឈប់បាញ់ជាតិរយៈពេលប្រាំមួយខែដែលផុតកំណត់នៅថ្ងៃទី២ ខែតុលា ដោយបានបង្ក​ការ​ព្រួយ​បារម្ភ​អំពី​ការ​វិល​ត្រឡប់មកវិញនៃ​ជម្លោះ​ហិង្សា​ទៅ​កាន់​ប្រទេស​អារ៉ាប់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here