មនុស្ស១នាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋាន ប្រឆាំងក្រុមឃឺដនៅក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖មនុស្សម្នាក់ត្រូវបានសម្លាប់ និង៧នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃចន្ទ បន្ទាប់ពីកម្លាំងអ៊ីរ៉ង់ធ្វើការទម្លាក់គ្រាប់បែកឆ្លងកាត់ព្រំដែនទៅលើមូលដ្ឋានរបស់ក្រុមប្រឆាំងឃឺដអ៊ីរ៉ង់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ប្រភពព័ត៌មានចេញពីមន្រ្តីរដ្ឋាភិបាលអ៊ីរ៉ាក់ម្នាក់បានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខណ្ឌអនាមិកថា កម្លាំងអ៊ីរ៉ង់បានបើកការវាយប្រហារដោយប្រើគ្រាប់មីស៊ីលបាញ់ចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើក កំណត់គោលដៅ​លើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងខេត្តសូឡាយម៉េនីយ៉ាស់ និងខេត្តអឺប៊ីល ក្នុងតំបន់ពាក់កណ្តាលស្វ័យយ័តឃឺដ។

ប្រភពបន្ថែមថា ការទម្លាក់គ្រាប់បែករបស់អ៊ីរ៉ង់សម្លាប់មនុស្សម្នាក់ និងបង្ករបួសយ៉ាងហោចណាស់ ៧នាក់ផ្សេងទៀត ហើយថែមទាំងបានបង្កការខូចខាតទៅដល់មូលដ្ឋាននានា និងអគារក្បែរនោះ។
សេចក្តីថ្លែងការណ៍ដោយរដ្ឋាភិបាលឃឺដក្នុងតំបន់ ដែលហៅកាត់ថា KRG បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហាររបស់កម្លាំងអ៊ីរ៉ង់ទៅលើសមាជិកឃឺដនៅក្នុងតំបន់នោះ។​

រដ្ឋាភិបាលឃឺដបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា៖“ការបំពានម្តងហើយម្តងទៀតរបស់ប្រទេសអ៊ីរ៉ង់ចំពោះអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់ និងតំបន់ឃឺដ គឺមិនអាចលើកលែងទោសឱ្យបាន និងជាការបំពានយ៉ាងធ្ងន់ធ្ងរនៃច្បាប់អន្តរជាតិ និងលើទំនាក់ទំនងអ្នកជិតខាង។”

យ៉ាងណាមិញ ភ្នាក់ងារសារព័ត៌មាន ថាសនីម របស់ប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ឱ្យដឹងថា កម្លាំងអ៊ីរ៉ង់បានវាយប្រហារកំណត់គោលដៅទៅលើទីតាំងរបស់គណបក្សប្រជាធិបតេយ្យអ៊ីរ៉ង់ឃឺដ ដោយគ្រាប់មីស៊ីល ៤គ្រាប់ និងយន្តហោះគ្មានមនុស្សបញ្ជាជាច្រើនគ្រឿងនៅក្នុងទីក្រុងកុយ សានចាក និងទៅលើភូមិ បាហាកា នៅក្នុងតំបន់កាលពីព្រលឹមថ្ងៃចន្ទ។

ភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បាននិយាយថា មន្ត្រីកម្លាំងសន្តិសុខអ៊ីរ៉ង់បានជំរុញដល់រដ្ឋាភិបាល
អ៊ីរ៉ាក់ដើម្បីគ្រប់គ្រងលើបញ្ហាសន្តិសុខទាំងស្រុងនៃតំបន់ព្រំដែនរួមគ្នានៅភាគខាងលិច និងភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua​ ចុះផ្សាថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here