សមាជិក IS ដ៏លេចធ្លោចំនួន ៦នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ប្រភពមន្ត្រីនិយាយកាលពីថ្ងៃចន្ទថា កម្លាំងអ៊ីរ៉ាក់បានចាប់ខ្លួនសមាជិក IS ដ៏លេចធ្លោចំនួន ៦នាក់ ដោយក្នុងនោះសមាជិក ២នាក់ត្រូវបានចាប់ខ្លួននៅតំបន់ពាក់កណ្តាលស្វ័យយ័តឃឺដ និងបានលុបបំបាត់កន្លែងលាក់ខ្លួនរបស់ក្រុមឧទ្ទាម IS ចំនួនបួនកន្លែងនៅក្នុងខេត្តកឺកុក ភាគខាងជើងរបស់ប្រទេសអ៊ីរ៉ាក់។

លោក យ៉ាហៀ រ៉ាសូល អ្នកនាំពាក្យអគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា សមាជិកឧទ្ទាម IS ដែលបានធ្វើសកម្មភាពយ៉ាងសកម្មនៅភាគខាងជើងខេត្តបាកដាដ និងខេត្តអានបារ ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរួមគ្នា ដោយសេវាប្រឆាំងភេរវកម្មអ៊ីរ៉ាក់ និងសេវាសន្តិសុខ​ អាសេអ៊ីស(Asayish) មកពីតំបន់ឃឺដ។

លោករ៉ាស៊ូលពុំបានចែករំលែកព័ត៌មានលម្អិតអំពីទីតាំង និងពេលវេលានៃការចាប់ខ្លួននោះទេ ខណៈដែលសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ IS ចំនួន២នាក់ ត្រូវបានគេស្គាល់ថាជា លោក អាមិដ សាឡេស និងលោក ប៉ាហូឌីន ហ្សូបា។ សេវាប្រឆាំងភេរវកម្មអ៊ីរ៉ាក់បានបញ្ជាក់បន្ថែមឱ្យដឹងថា កាលពីថ្ងៃចន្ទ សេវាប្រឆាំងភេរវកម្មនៅក្នុងតំបន់ឃឺដរបស់ប្រទេសអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលក្នុងតំបន់ឃឺដ កាលពីថ្ងៃអាទិត្យបានប្រគល់សមាជិកក្រុមសកម្មប្រយុទ្ធ IS ដែលត្រូវបានចាប់ខ្លួននៅក្នុងខេត្តអឺប៊ីលនៅក្នុងតំបន់ឃឺដ ដោយក្នុងនោះមានលោក អាមិដ សាឡេស និងលោក ប៉ាហូឌីន ហ្សូបា។

ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលមានទំនាក់ទំនងជាមួយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស
អ៊ីរ៉ាក់បានផុសលើបណ្តាញសង្គមទ្វីតធ័ថា ដោយឡែកពីគ្នា យោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់ចេញពីក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានបង្ហាញឱ្យដឹងថា កងទ័ពអាកាស​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ចន្ទ​បាន​បើក​ការវាយប្រហារ​តាម​អាកាសកំណត់គោលដៅ​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ IS ដោយបានបំផ្លាញទីតាំងលាក់ខ្លួនរបស់ពួកគេចំនួន ៤កន្លែងនៅក្នុងខេត្តកឺកុក។

ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here