កម្លាំងអ៊ីរ៉ង់វាយប្រហារលើក្រុមភេរវករផ្តាច់ខ្លួននៅក្នុងតំបន់ឃឺដនៃប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ង់៖កម្លាំងមូលដ្ឋាននៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលហៅកាត់ថា (IRGC) កាលពីថ្ងៃអង្គារ បានបើកការវាយប្រហារសារថ្មីប្រឆាំងនឹងក្រុមភេរវករបំបែកខ្លួននៅក្នុងតំបន់ឃឺដ ភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ព័ត៌មានពាក់កណ្តាលផ្លូវការ ថាសនីម បានរាយការណ៍ថា ក្នុងអំឡុងពេលវាយប្រហារ កម្លាំងមូលដ្ឋាននៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានវាយប្រហារកំណត់គោលដៅទៅលើមូលដ្ឋាននៃគណបក្សសេរីភាពឃឺដ នៅជិតតំបន់កឺកុក ជាមួយគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក កាម៊ីកាស់ មួយគ្រឿង។

ភ្នាក់ងារសារព័ត៌មាន ថាសនីម បានរាយការណ៍ថា ការវាយប្រហារកាលពីថ្ងៃអង្គារ បានកើតឡើងក្រោយពីមានការវាយប្រហារដោយគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់កម្លាំងមូលដ្ឋាននៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ទៅលើក្រុមភេរវករផ្តាច់ខ្លួនអ៊ីរ៉ង់ នៅក្នុងតំបន់ឃឺដ កាលពីព្រឹកថ្ងៃចន្ទ។

ប្រភពដដែលបន្ថែមថា ក្នុងអំឡុងពេលប្រតិបត្តិការយោធាកាលពីថ្ងៃច័ន្ទ កម្លាំងមូលដ្ឋាននៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានវាយប្រហារកំណត់គោលដៅលើទីតាំងរបស់គណបក្សប្រជាធិបតេយ្យឃឺដអ៊ីរ៉ង់ ដោយប្រើកាំជ្រួចចំនួនបួនគ្រាប់ និងយន្តហោះគ្មានមនុស្សបើកមួយគ្រឿង នៅក្នុងទីក្រុង កុយ សានចាក និងលើភូមិបាហាកា នៅក្នុងទឹកដីឃឺដ និងបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារលើមូលដ្ឋានគណបក្ស កូម៉ាឡា នៅទីតាំងចំនួន២ ក្បែរទីក្រុងសូឡាយម៉េននីយា នៅក្នុងតំបន់ដូចគ្នា។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា កម្លាំងមូលដ្ឋាននៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានចាប់ផ្តើម ប្រតិបត្តិការយោធាថ្មីប្រឆាំងនឹងក្រុមភេរវករបំបែកខ្លួននៅតំបន់ឃឺដក្នុងប្រទេសអ៊ីរ៉ាក់ ដោយបានចោទប្រកាន់ក្រុមទាំងនោះថា បានបង្កអសន្តិសុខនៅក្នុងទីក្រុងក្បែរតំបន់ព្រំដែនអ៊ីរ៉ង់មួយចំនួន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here