ប្រទេសអ៊ីស្រាអែល៖យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានសម្លាប់ និង១៤នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះ២លើកដោយឡែកពីគ្នានៅក្នុងទីក្រុងហ្សេរ៊ុយសាឡិមកាលពីព្រឹកថ្ងៃពុធ។
ប៉ូលិសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ហេតុការណ៍ផ្ទុះកើតឡើងដោយសារឧបករណ៍ផ្ទុះជាច្រើន។ ឧបករណ៍ផ្ទុះមួយបានផ្ទុះឡើងនៅចំណតរថយន្តក្រុងក្បែរទីក្រុងហ្សេរ៊ុយសាឡិម និងឧបករណ៍ផ្ទុះមួយផ្សេងទៀតបានផ្ទុះឡើងនៅរយៈពេលជិតមួយម៉ោងក្រោយមកទៀតនៅស្ថានីយ៍រថយន្តក្រុងនៅក្នុងទីក្រុងរ៉ាម៉ុត។
លោក អ៊ីលី ប៊ីន អគ្គនាយកនៃសេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ម៉ាហ្សេន ដាវីដ អាដុំ របស់អ៊ីស្រាអែល បានប្រាប់អ្នកយកព័ត៌មានថា យ៉ាងហោចណាស់មនុស្ស ១៥នាក់រងរបួស និងមួយចំនួននៃពួកគេរងរបួសធ្ងន់។
មន្ទីពេទ្យ ស្ហាររ៉េ ហ្សេដិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នករបួសម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យដោយសារតែរបួសរបស់គាត់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត ប៉ូលិសបាននិយាយថា ការស៊ើបអង្កេតនៅតែបន្តដំណើរការ ហើយហេតុការណ៍ផ្ទុះនោះគឺជាផ្នែកមួយនៃការវាយប្រហារភេរវកម្ម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣