ប្រទេសលីបង់៖កាសែត អាល់ វ៉ាថាន បានចុះផ្សាយកាលពីថ្ងៃអាទិត្យដោយស្រង់សម្តីរបស់យោធាមានខ្លឹមសារថា បញ្ជាការទ័ពស៊ីរី បានដាក់ពង្រាយកម្លាំងទាហាន និងរថពាសដែកបន្ថែមទៀតទៅកាន់ទីក្រុង អាន អាល់ អារ៉ាប់ ដែលស្ថិតនៅចម្ងាយ ១៥០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងអាឡិបប៉ូ។
ប្រភពដដែលបញ្ជាក់ឱ្យដឹងថា យ៉ាងហោចណាស់ រថក្រោះ ២០ គ្រឿង និងរថពាសដែកមួយចំនួន ក៏ដូចជាប្រព័ន្ធកាំភ្លើងធំ រួមទាំងម៉ាស៊ីនបាញ់គ្រាប់ ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់។
ប្រទេសស៊ីរីសម្រេចចិត្តពង្រឹងទីតាំងកងទ័ពរបស់ខ្លួននៅក្នុងតំបន់នោះ បន្ទាប់ពីមានការបាញ់ផ្លោងយ៉ាងខ្លាំងក្លាដោយកម្លាំងតួកគី និងអង្គភាពប្រដាប់អាវុធស៊ីរីដែលបានវាយប្រហារដោយប្រើកាំភ្លើងធំច្រើនជាង ៤០គ្រាប់ នៅក្បែរតំបន់ អាន អាល់ អារ៉ាប និង តំបន់ ថែល រ៉ីហ្វាត។ ដើមឡើយ យន្តហោះគ្មានមនុស្សបញ្ជារបស់តួកគី បានវាយប្រហារលើអាកាសយាន្តដ្ឋាន
មេណេង។
កាលពីថ្ងៃទី២២ ខែវិច្ឆិកា កម្លាំងស៊ីរីបានពង្រឹងកម្លាំងទ័ពរបស់ខ្លួននៅខេត្តរ៉ាកា។ ក្បួនរថពាសដែក និងអាវុធធុនធ្ងន់បានទៅដល់ទីក្រុង អាន អ៊ីសា ដែលស្ថិតនៅលើផ្លូវហាយវេយុទ្ធសាស្ត្រតភ្ជាប់តំបន់ភាគខាងកើត និងខាងលិចនៃប្រទេសស៊ីរី។ កម្លាំង ហ្វ្រែស ក៏ត្រូវបានដាក់ពង្រាយទៅកាន់ តំបន់ ថែល ថាម័រ ផងដែរ នៅភាគពាយព្យនៃខេត្ត អាល់ ហាសាកាស់ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់កម្លាំងតួកគី។
យន្តហោះចម្បាំងតួកគី និងកាំភ្លើងធំ ត្រូវបានជញ្ជូនទៅដើម្បីវាយប្រហារលើទីតាំងរបស់ក្រុមភេរវករដែលគ្រប់គ្រងដោយកម្លាំងប្រជាធិបតេយ្យស៊ីរីឃឺដ ដែលហៅកាត់ថា (SDF) នៅភាគខាងជើងទីក្រុង អាឡិបប៉ូ ខេត្តរ៉ាកា និងខេត្តហាសាកាស់។ យោងតាមការបញ្ជាក់ពីកម្លាំងប្រជាធិបតេយ្យស៊ីរីឃឺដបានឱ្យដឹងថា គ្រាប់ផ្លោងចំនួន ៧៩៥ គ្រាប់ត្រូវបានទាហានតួកគីបាញ់ទៅលើតំបន់តាំងលំនៅក្នុងរយៈពេល ៤៨ម៉ោងកន្លងមក។ អ្នកស្រុកកំពុងភៀសខ្លួនចេញពីផ្ទះ និងកំពុងស្វែងរកទីជម្រកនៅក្នុងតំបន់ដែលមានសុវត្ថិភាពជាង៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន TASS ចុះផ្សាយឡើងវិញថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២