ប្រទេសស៊ីរី៖កម្លាំងគ្រប់គ្រងដោយតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេ បានបំផ្ទុះគ្រាប់បែកនៅភូមិចំនួន២ ក្នុងតំបន់ប្រជុំជន ថាល ថាម័រ នៅភាគពាយ័ព្យនៃខេត្តហាសាកា។
ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានថា គ្រាប់ផ្លោងមួយចំនួន ដែលត្រូវបានបាញ់ដោយកម្លាំងគ្រប់គ្រងដោយតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេចេញពីទីតាំងដែលពួកគេពង្រាយកម្លាំងដែលស្ថិតនៅតំបន់ឆ្ងាយបន្តិចពីភាគខាងជើខេត្តហាសាកា បានធ្លាក់ទៅលើភូមិ ថាល ឡាបាន និងភូមិ អាល់ គូហ្សលីយ៉ា នៅក្នុងតំបន់ ថាល ថាម័រ បណ្តាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
កាលពីថ្ងៃអាទិត្យ កម្លាំងគ្រប់គ្រងដោយតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេ បានវាយប្រហារកំណត់គោលដៅដោយប្រើកាំភ្លើងធំ និងកាំភ្លើងត្បាល់ទៅលើភូមិ អាល់ហ្សហ៊ីរ៉ីយ៉ាស់ និងភូមិ ខារ៉ាប រ៉ីស នៅតំបន់ អាល់ ម៉ាគីយ៉ាស់ ភាគខាងជើងនៃខេត្តហាសាកា និងភូមិ អាល់ ហូស្ហាន នៅក្នុងតំបន់ ថាល អាប់យ៉ាដ។ លើសពីនេះ ពួកគេថែមទាំងវាយប្រហារកំណត់គោលដៅនៅតំបន់ផ្លូវហាយវេអន្តរជាតិ អឹមហ្វ័ នៅតំបន់ជនបទនៃខេត្តរ៉ាកា ដែលបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២