កម្លាំងអ៊ីរ៉ាក់​នឹង​បង្កើត​កងពលតូច​យោធា​ចំនួន​ពីរនៅ​ក្នុង​តំបន់ឃឺដ​ដើម្បី​ការពារ​ព្រំដែន

0

ប្រទេសអេហ្ស៊ីប៖បណ្តាញសារព័ត៌មានសាហ្វាកញូវស៍អ៊ីរ៉ាក់បានចុះផ្សាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលកណ្តាលនៃប្រទេសអ៊ីរ៉ាក់ កំពុងតែបង្កើតកងពលតូចយោធាចំនួនពីរ ដើម្បីការពារតំបន់ព្រំដែន ដែលស្ថិតនៅជាប់ជាមួយប្រទេសអ៊ីរ៉ង់។

លោក សាវ៉ាន ស៊ីនឌី អនុ​ប្រធាន​គណៈកម្មាធិកា​រ​សភា​សន្តិសុខ និង​ការពារ​ជាតិ បាន​ប្រាប់
បណ្តាញសារព័ត៌មានថា៖ “កងពលតូចយោធាទាំងនេះ នឹងមាន​ប្រជាជន​អ៊ីរ៉ាក់ឃឺដ និងធនធានហិរញ្ញវត្ថុដែលទទួលបានពីកញ្ចប់ថវិកាសហព័ន្ធ ដែលនឹងត្រូវបានបែងចែកដើម្បីរៀបចំពួកគេ។ ” លោកបន្ថែមថា កងពលតូចយោធាទាំងនោះ នឹងត្រូវបានដាក់ពង្រាយនៅតាមព្រំដែននៃតំបន់ស្វយ័តឃឺដជាមួយប្រទេសអ៊ីរ៉ង់។

កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាសន្តិសុខរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ បានសម្រេច​អនុម័ត ​វិធានការណ៍ជាច្រើនដើម្បី​ពង្រឹង​កិច្ចការពារ​ព្រំដែនជាមួយនឹងប្រទេសជិតខាងចំនួន២ផ្សេងទៀត បន្ទាប់ពីមានការទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ទៅលើតំបន់ឃឺដនៃប្រទេសអ៊ីរ៉ាក់ ដោយកម្លាំងតួកគី និងកម្លាំងអ៊ីរ៉ង់។ ទាហានព្រំដែនអ៊ីរ៉ាក់ បាន​ពង្រឹង​ប៉ុស្តិ៍យាមល្បាត​ចំនួន ១០កន្លែងនៅ​តាម​បណ្តោយ​ព្រំដែន ហើយកម្លាំងជំនួយក៏ត្រូវបានពង្រាយនៅទីនោះផងដែរ។ ការងារនៅតំបន់ព្រំដែនត្រូវបានជួយដោយអង្គភាពចារកម្មអ៊ីរ៉ាក់។

ចាប់តាំងពីចុងខែកញ្ញាមក កម្លាំងអ៊ីរ៉ង់​បាន​ និង​កំពុង​វាយ​ប្រហារទៅលើ​ក្រុម​ឃឺដ​ដែល​មាន​ មូលដ្ឋាន​នៅក្នុងប្រទេស​អ៊ីរ៉ាក់។ បើយោងតាមសាវាសារព័ត៌មាន អាចអាអិនអេ បានរាយការណ៍ថា មូលហេតុនៃការបង្កើតប្រតិបត្តិការនោះគឺដោយសារតែមានការប៉ុនប៉ងរបស់កម្លាំងឃឺដដើម្បីធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់មានអស្ថិរភាព។

គួររំលឹកផងដែរថា កម្លាំងតួកគី​បាន​ធ្វើ​ការ​វាយ​ប្រហារតាម​អាកាស​នៅ​ភាគ​ខាង​ជើងប្រទេស ​អ៊ីរ៉ាក់ និង​ប្រទេសស៊ីរី​កាល​ពី​យប់​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា រហូតដល់ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា។ ការវាយប្រហារនោះត្រូវបានធ្វើឡើងទៅលើមូលដ្ឋានរបស់គណបក្សពលករឃឺដ។ ប្រទេសតួកគីបានស្តីបន្ទោសលើគណបក្សពលករឃឺដ និងជនជាតិឃឺដស៊ីរី ចំពោះការវាយប្រហារភេរវកម្មនៅថ្ងៃទី១៣ ខែវិច្ឆិកានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលដែលបានសម្លាប់មនុស្ស ៦នាក់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន tass ចុះផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here