ប៉ាឡេស្ទីន៖មន្ត្រីសុខាភិបាលប៉ាឡេស្ទីន និងសាក្សីបាននិយាយថា ជនជាតិប៉ាឡេស្ទីនម្នាក់ ដែលជាជនទី៤ ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នានៅតំបន់វ៉េសបេង។
មន្ត្រីក្រសួងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា បុរសជនជាតិប៉ាឡេស្ទីនវ័យក្មេងម្នាក់ត្រូវបានសម្លាប់ បន្ទាប់ពីគាត់ត្រូវបានទាហានអ៊ីស្រាអែលបាញ់ចំទ្រូង នៅក្នុងភូមិ អាល់ មូហាយ៉ា ភាគខាងកើតនៃតំបន់រ៉ាម៉ាឡាស់។
លោក អាមីន អាប៊ុ អាលៀ ប្រធានក្រុមប្រឹក្សាភូមិ បាននិយាយថា ហេតុការណ៍ប៉ះទង្គិចគ្នាបានកើតឡើងរវាងក្រុមយុវជនប៉ាឡេស្ទីនមួយក្រុម ជាមួយនឹងទាហានអ៊ីស្រាអែលក្នុងភូមិ។
លោក អាប៊ុ អាលៀ បានបន្ថែមថា ក្នុងអំឡុងពេលប៉ះទង្គិចគ្នា លោក រ៉េដ អាល់ ណាសាន អាយុ២១ឆ្នាំ ត្រូវបានសម្លាប់ ក្រោយពីរងការវាយប្រហារកំណត់គោលដៅដោយទាហានអ៊ីស្រាអែល។ ហេតុការណ៍ប៉ះទង្គិចគ្នានោះបានកើតឡើងក្រោយពីកម្លាំងអ៊ីស្រាអែល បានសម្រុកចូលទៅក្នុងភូមិ ដើម្បីរុះរើផ្ទះមួយចំនួននៅទីនោះ។
មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីកងទ័ពអ៊ីស្រាអែលជុំវិញឧបទ្ទវហេតុនេះនោះទេ។
បើយោងតាមស្ថិតិផ្លូវការបានឱ្យដឹងថា ក្រៅពីមានការស្លាប់លោក អាល់ ណាសាន ដែលជាជនជាតិប៉ាឡេស្ទីនទី៤ សម្លាប់ដោយទាហានអ៊ីស្រាអែលនៅក្នុងតំបន់វ៉េសបេងកាលពីថ្ងៃអង្គារ ជនជាតិប៉ាឡេស្ទីនមួយចំនួនក៏ត្រូវបានកម្លាំងអ៊ីស្រាអែលសម្លាប់តាំងពីខែមករា រហូតដល់ចំនួន ២០៦នាក់ រួមទាំងសម្លាប់មនុស្ស ៥០នាក់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២