មនុស្ស៣នាក់ស្លាប់ក្នុងហេតុការផ្ទុះគ្រាប់មីននៅក្នុងប្រទេសយេម៉ែន

0

ប្រទេសយេម៉ែន៖ទូរទស្សន៍រដ្ឋយេម៉ែនបានរាយការណ៍ថា ហេតុការណ៍ផ្ទុះគ្រាប់មីនបានសម្លាប់ក្មេង ២នាក់ និងបុរសម្នាក់ នៅក្នុងប្រទេសយេម៉ែនកាលពីថ្ងៃអង្គារ។

ទូរទស្សន៍រដ្ឋយេម៉ែនបានដកស្រង់សម្តីរបស់អាជ្ញាធរក្នុងតំបន់មានខ្លឹមសារថា ក្មេង ២នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះមីន អំឡុងពេលឃ្វាលចៀម នៅក្នុងស្រុក រ៉ាហាបាស់ នៅភាគខាងត្បូងខេត្តម៉ារ៉ីប។ ចំណែកឯក្មេងម្នាក់ទៀតរងរបួស។

នៅក្នុងហេតុការណ៍ដោយឡែកមួយផ្សេងទៀត បុរសម្នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីនបង្កប់ក្នុងដី ក្នុងអំឡុងពេលធ្វើដំណើរនៅក្នុងស្រុកធូហាយ៉ាត នៅភាគខាងត្បូង នៃទីក្រុងកំពង់ផែ ហូដេសដាស់ ភាគខាងលិចនៃតំបន់សមុទ្រក្រហម។ បុរសម្នាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍ផ្ទុះនោះ។

គម្រោងការបោសសម្អាតមីនរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉េន បានប៉ាន់ប្រមាណឃើញថា មានគ្រាប់មីនជាង១លានគ្រាប់ត្រូវបានបង្កប់ចាប់តាំងពីមានការផ្ទុះឡើងនៃសង្គ្រាមស៊ីវិលយេម៉ែននៅចុងឆ្នាំ២០១៤ នៅពេលដែលកម្លាំងហ៊ូធីដណ្តើមបានគ្រប់គ្រងទៅលើខេត្ត មួយចំនួននៅភាគខាងជើង និងបានបង្ខំរដ្ឋាភិបាលយេម៉ែនចេញពីរដ្ឋធានីសាណា។

​យោងតាមប្រភព​គម្រោង​ត្រួត​ពិនិត្យ​ផល​ប៉ះពាល់​ជន​ស៊ីវិល​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អង្គការ​សហ​ប្រជាជាតិបានបង្ហាញឱ្យដឹងថា មីនបង្កប់ក្រោមដី គ្រាប់បែកមិនទាន់ផ្ទុះ និងឧបករណ៍ផ្ទុះផ្សេងទៀត ដែលនៅសេសសល់ក្នុងប្រទេសយេម៉ែន បង្កឱ្យជនស៊ីវិល ៣៣៨នាក់រងរបួស និង ១២៩នាក់ស្លាប់ កាលពីឆ្នាំ២០២១ ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhuaចុះផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here