ជនជាតិប៉ាឡេស្ទីនស្លាប់ដោយសារការវាយប្រហាររបស់ទាហានអ៊ីស្រាអែលនៅភាគខាងជើងតំបន់វ៉េសបេង

0

ប៉ាឡេស្ទីន៖ប្រភពព័ត៌មានពីភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែលបាននិយាយថា ជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ ក្នុងអំឡុងពេលវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងជើង តំបន់វ៉េសបេង។

ក្រសួងសុខភិបាលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកម៉ូហាម៉េដ ថាវហ្វីក បាដាណា​ អាយុ២៦ឆ្នាំ ត្រូវបានសម្លាប់ បន្ទាប់ពីលោកត្រូវបានបាញ់សម្លាប់ដោយទាហានអ៊ីស្រាអែល ចំទ្រូងក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយពួកគេនៅក្នុងភូមិ យ៉ាបេដភាគខាងលិចនៃទីក្រុង ជេនី។

បើយោងតាមសាក្សី និងប្រភពព័ត៌មានក្នុងតំបន់បានឱ្យដឹងថា ទាហានអ៊ីស្រាអែលបានសម្រុកវាយប្រហារលើភូមិ និងចាប់ខ្លួនជនជាតិប៉ាឡេស្ទីន ដែលបានធ្វើការវាយប្រហារប្រឆាំងនឹងកម្លាំងអ៊ីស្រាអែល។ យ៉ាងណាមិញ អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងអ៊ីស្រាអែលបានធ្វើដំណើរចូលទៅទីក្រុងដើម្បីចាប់ខ្លួនក្រុមភេរវករគោលដៅ។

នៅក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមឱ្យដឹងថា ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ កម្លាំងប្រដាប់ អាវុធដែលគួឱ្យសង្ស័យបានបាញ់ប្រហារទៅលើទាហាន ហើយឧបករណ៍ផ្ទុះកែច្នៃមួយចំនួន ត្រូវ​បាន​គេ​គប់ចូលទៅ​ក្នុង​តំបន់។ ទាហានអ៊ីស្រាអែលបានបាញ់តបតវិញទៅកាន់ជនសង្ស័យ និងបានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធម្នាក់។

សេចក្តីថ្លែងការណ៍ដដែលមានបន្ថែមខ្លឹមសារថា ទាហាន​អ៊ីស្រាអែល​ថែមទាំងបាន​រឹបអូសផង​ដែរនូវ កាំភ្លើងវែង អឹម ១៦ និងប្រាក់ចំនួន ៥០ ០០០ ស្ហេកខែល ដែលមានតម្លៃស្មើនឹង (១៤ ៤៩៣ដុល្លារ) ដែលត្រូវបានរៀបចំសម្រាប់សកម្មភាពវាយប្រហារភេរវរកម្ម។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា កាលពីថ្ងៃអង្គារ ជនជាតិប៉ាឡេស្ទីន ៥នាក់ ត្រូវបានសម្លាប់ និង១៥នាក់រងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែលនៅតំបន់វ៉េសបេង។

យោងតាមស្ថិតិផ្លូវការរបស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឱ្យដឹងថា កាលពីខែមករា ជនជាតិប៉ាឡេស្ទីនច្រើនជាង ២០០នាក់ ត្រូវបានសម្លាប់ដោយកម្លាំងអ៊ីស្រាអែល រាប់បញ្ចូលទាំងការ សម្លាប់នៅតំបន់ហ្កាហ្សាចំនួន ៥០នាក់។ ចំណែកឯទាហានអ៊ីស្រាអែល ៣១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ជនជាតិប៉ាឡេស្ទីន។

គួរបញ្ជាក់ផងដែរថា ភាពតានតឹងរវាងប្រទេសអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន បាន​កើន​ឡើង​តាំង​ពី​ខែ​មីនា ដោយកម្លាំងទាហានអ៊ីស្រាអែលបានវាយប្រហារប្រចាំថ្ងៃទៅលើតំបន់វ៉េសបេង ដែលនោះជាការឆ្លើយតបចំពោះការវាយប្រហារ ដែលធ្វើឡើងដោយជនជាតិប៉ាឡេស្ទីន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០​ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here