ប្រទេសអាហ្វហ្កានីស្ថាន៖មន្ត្រីម្នាក់និយាយក្នុងលក្ខណ្ឌអនាមិកថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ត្រូវបានសម្លាប់ និង២២នាក់ផ្សេងទៀតរងរបួស ខណៈដែលហេតុការណ៍ផ្ទុះមួយបាន វាយប្រហារលើកម្មវិធីសិក្ខាសាលា នៅភាគខាងជើងខេត្ត សាមណានហ្កានកាលពីថ្ងៃពុធ។
មន្ត្រីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ឱ្យដឹងថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅក្នុងកម្មវិធីសិក្ខាសាលាមេដ្រេសសាស ជីហាដៀ នៅម៉ោង ១រសៀល ម៉ោងក្នុងតំបន់ នៅទីក្រុងអាយបាក ដែលមានចម្ងាយប្រមាណជា ២១៥គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងកាប៊ុលបណ្តាលឱ្យមនុស្ស ១៥នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងបណ្តាលឱ្យមនុស្ស ២២នាក់ផ្សេងទៀត រងរបួសធ្ងន់ធ្ងរ។
មន្ត្រីបាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការ។
យ៉ាងណាមិញ លោក អាបដូល ណាហ្វី ថាគ័រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ឱ្យដឹងថា ហេតុការណ៍ផ្ទុះនៅសាលាសាសនា បានសម្លាប់មនុស្ស ១០នាក់ និងបណ្តាលឱ្យមនុស្សមួយចំនួនផ្សេងទៀតរងរបួសនៅក្នុងខេត្តសាមណានហ្កាន កាលពីរសៀលថ្ងៃពុធ។ ពុំទាន់មានក្រុម ឬបុគ្គលណាមួយ អះអាងទទួលខុសត្រូវចំពោះហេតុការណ៍ផ្ទុះនេះនៅឡើយទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២