មនុស្ស ៤នាក់ស្លាប់ និង២៦នាក់រងរបួស នៅក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖មន្ទីរ​សុខាភិបាល​ខេត្តបាននិយាយថា មនុស្ស ៤នាក់រាប់បញ្ចូលទាំងមន្ត្រីប៉ូលិសម្នាក់ត្រូវបានសម្លាប់ និង២៦នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍វាយប្រហារនៅទីក្រុង ឃ្វេថា ភាគនិរតីខេត្តប៉ាឡូជីស្ថាននៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ។

លោក វ៉ាស៊ីម បេក អ្នកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលប្រាប់អ្នកយកព័ត៌មានថា អ្នក​ស្លាប់ផ្សេង​ទៀត​រួម​មាន​កូន​២​នាក់ និង​ម្តាយ​របស់​ពួក​គេ រួមទាំងអ្នករងរបួសផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យស៊ីវិលឃ្វេថា។ លោកហ្គូឡាម អាហ្វា ម៉ាហេស្ហារ អគ្គស្នងការរងនៃប៉ូលិស ឃ្វេថា បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បាន​បំផ្ទុះ​រ៉ឺម៉ក​ដឹកគ្រឿង​ផ្ទុះ​របស់​គាត់​នៅ​ក្បែរ​ឡាន​របស់​ប៉ូលិស​ក្នុង​តំបន់​បាឡេលីនៃ​ទីក្រុងឃ្វេថា។

លោកបន្ថែមថា ​រថយន្ត​ដែលបានផ្ទុះធ្លាក់​ចូលក្នុង​ប្រឡាយ​ក្បែរ​ផ្លូវ។ ប៉ូលិសដែលរងការកំណត់គោលដៅកំពុងតែធ្វើដំណើរទៅបំពេញភារកិច្ចសន្តិសុខសម្រាប់ក្រុមការងារជំងឺស្វិតដៃជើងដែលបានដាក់ពង្រាយពាសពេញទីក្រុងដើម្បីចាក់វ៉ាក់សាំងដល់កុមារ។ មន្ត្រីបានបន្ថែមថា ការស៊ើបអង្កេតដំបូងបានរកឃើញថា គ្រឿងផ្ទុះប្រមាណជា ២៥គីឡូក្រាមត្រូវបានប្រើប្រាស់ក្នុងហេតុការណ៍បំផ្ទុះនោះ។

កម្លាំងប៉ូលិស និងសន្តិសុខ បាន​បិទ​តំបន់​នោះ ហើយ​បើក​ប្រតិបត្តិការ​ស្វែងរកនៅ​ក្នុង​តំបន់។ ប្រភពព័ត៌មានក្នុងតំបន់បានរាយការណ៍ឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធហាមឃាត់ ថេរីក អូតាលីបង់ប៉ាគីស្ថាន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។

គួរបញ្ជាក់ផងដែរថា ការបំផ្ទុះនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានប្រកាសបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយរដ្ឋាភិបាលប៉ាគីស្ថាន ដោយធ្វើការគំរាមវាយប្រហារនៅទូទាំងប្រទេស៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here