ប៉ាឡេស្ទីន៖គ្រូពេទ្យប៉ាឡេស្ទីននិងប្រភពព័ត៌មានក្នុងស្រុកបាននិយាយថា ជនជាតិប៉ាឡេស្ទីន ២នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែលនៅក្នុងជំរំជនភៀសខ្លួនជេនីន នៅភាគខាងជើងតំប៉ន់វ៉េសបេង។
គ្រូពេទ្យនៅក្នុងទីក្រុងជេនីនបាននិយាយថា ឧបទ្វហេតុនោះបានកើតឡើងក្នុងតំបន់អាល់ ហាដាហ្វ នៅជំរំជនភៀសខ្លួន ជេនីន។
កម្លាំងប្រដាប់អាវុធអ៊ីស្រាអែល គាំទ្រដោយរថពាសដែកបានសម្រុកចូលជំរំជនភៀសខ្លួន និងវាយប្រហារកំណត់គោលដៅដោយប្រើគ្រាប់មីស៊ីលប្រឆាំងរថក្រោះ។ ប្រភពព័ត៌មានក្នុងតំបន់ និងសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ការប៉ះទង្គិចគ្នាបានកើតឡើងរវាងទាហាន និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
មនុស្សម្នាក់ក្នុងចំណោមអ្នកស្លាប់ គឺជាសមាជិកនៃក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីន និងអ្នកផ្សេងទៀតគឺជាសមាជិកនៃកងពលតូច អាល់ អាក់សា។ ប្រភពបន្ថែមថា កម្លាំងអ៊ីស្រាអែលបានដកខ្លួនចេញពីជំរុំជនភៀសខ្លួនបន្ទាប់ពីចាប់ខ្លួនជនជាតិប៉ាឡេស្ទីនគោលដៅ៤នាក់។
គួរបញ្ជាក់ផងដែរថា ភាពតានតឹងនៅក្នុងតំបន់វ៉េសបេងបាននិងកំពុងកើនឡើងចាប់តាំងពីខែ
មីនា។ តួលេខផ្លូវការពីភាគីទាំងពីរបានបង្ហាញថា ចាប់តាំងពីខែមករាមក ជនជាតិប៉ាឡេស្ទីន ច្រើនជាង ២០០នាក់ និងជនជាតិអ៊ីស្រាអែលច្រើនជាង ២០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារផ្សេងៗគ្នា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២