ប្រទេសតួកគី៖បើយោងតាមកាសែត ហ្កាហ្សេត ផ្លូវការរបស់ប្រទេសតួកគីបានចុះផ្សាយឱ្យដឹងថា ក្រសួងរតនាគារ និងហិរញ្ញវត្ថុតួកគី បានសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កកទ្រព្យសម្បត្តិរបស់បុគ្គល និងអង្គភាពមួយចំនួន ដោយសង្ស័យមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS)។
កាសែតហ្កាហ្សេតបានចុះផ្សាយថា៖ “ការសម្រេចចិត្តបង្កកទ្រព្យសម្បត្តិមនុស្ស ១៧នាក់ និងអង្គភាពមួយចំនួន គឺផ្អែកលើហេតុផលដែលថា ពួកគេបានផ្តល់ហិរញ្ញប្បទានដល់អង្គការភេរវករ”។
រដ្ឋាភិបាលតួកគីបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ជាអង្គការភេរវជនកាលពីឆ្នាំ ២០១៣ ដោយបានបន្ទោសពួកគេសម្រាប់ការវាយប្រហារដ៏សាហាវនៅក្នុងប្រទេសនៅឆ្នាំ២០១៥។
ព្រំដែនភាគខាងត្បូងរបស់ប្រទេសតួកគីជាមួយប្រទេសស៊ីរី គឺជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ប្រជាជនស៊ីរី និងយុទ្ធជនបរទេស ចាប់តាំងពីមានសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅក្នុងប្រទេសស៊ីរីកាលពីឆ្នាំ២០១១។
កាលពីឆ្នាំ២០១៦ កម្លាំងតួកគីបានបើកការបាញ់ប្រហារឆ្លងកាត់ព្រំដែន នៅភាគខាងជើងប្រទេសស៊ីរី ដែលប្រតិបត្តិការនោះត្រូវបានគេស្គាល់ថា អឺប្រាតស្ហែល ដើម្បីកម្ចាត់ក្រុមសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម នៅជុំវិញតំបន់ ចារ៉ាប្លុស និងតំបន់អាហ្សាស់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២