ប្រទេសតួកគី៖ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ អាណាដូលូ បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ កម្លាំងចារកិច្ចតួកគីបានឃាត់ខ្លួនសមាជិក៥នាក់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ក្នុងប្រតិបត្តិការមួយដែលធ្វើឡើងនៅភាគខាងជើងប្រទេសស៊ីរី។
ភ្នាក់ងារសារព័ត៌មាន អាណាដូលូ បានបន្ថែមឱ្យដឹងថា ប្រតិបត្តិការនោះត្រូវបានធ្វើឡើងនៅក្នុងតំបន់ ភីស ស្ព្រីង ២០១៩ នៅប្រទេសតួកគីក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្លាំងនៅក្នុងតំបន់នៃកម្លាំងទ័ពជាតិស៊ីរីដែលគាំទ្រដោយកម្លាំងតួកគី។
នៅក្នុងប្រតិបត្តិការដោយឡែកមួយផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីភស្តុភារនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវបានចាប់ខ្លួនដោយកម្លាំងសន្តិសុខតួកគីនៅក្នុងខេត្តបូឡូ ភាគពាយ័ព្យនៃប្រទេសតួកគី។
កម្លាំងប៉ូលិសតួកគីថែមទាំងបានឃុំខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ១៣នាក់ផ្សេងទៀត ដែលជាប់សង្ស័យថាជាសមាជិកក្រុមសកម្មប្រយុទ្ធ IS នៅក្នុងខេត្តអ៊ីស្តង់ប៊ុល។
រដ្ឋាភិបាលតួកគីបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ជាអង្គភាពភេរវរក កាលពីឆ្នាំ ២០១៣ ដោយបានបន្ទោសពួកគេពីការវាយប្រហារសម្លាប់មនុស្សកាលពីឆ្នាំ២០១៥។
គួរបញ្ជាក់បន្ថែមផងដែរថា ព្រំដែនភាគខាងត្បូងរបស់ប្រទេសតួកគីជាមួយប្រទេសស៊ីរី គឺជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ប្រជាជនស៊ីរី និងយុទ្ធជនបរទេស ចាប់តាំងពីមានសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅក្នុងប្រទេសស៊ីរីកាលពីឆ្នាំ២០១១។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៦ កម្លាំងតួកគីបានបើកការបាញ់ប្រហារឆ្លងកាត់ព្រំដែន នៅភាគខាងជើងប្រទេសស៊ីរី ដែលប្រតិបត្តិការនោះត្រូវបានគេស្គាល់ថា អឺប្រាតស្ហែល ដើម្បី កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅជុំវិញតំបន់ ចារ៉ាប្លុស និងតំបន់អាហ្សាស់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២