ប្រទេសសូម៉ាលី៖រដ្ឋាភិបាលសូម៉ាលីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កម្លាំងសូម៉ាលីគាំទ្រ
ដោយកម្លាំងដៃគូអន្តរជាតិ បានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ៤០នាក់ ក្នុងអំឡុងពេលធ្វើប្រតិបត្តិការនៅកណ្តាលប្រទេសូម៉ាលី។
ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍និយាយថា ប្រតិបត្តិការរួមគ្នាមួយ ដែលធ្វើឡើងកាលពីយប់ថ្ងៃពុធ ដោយកម្លាំងទ័ពជាតិសូម៉ាលី និងកម្លាំងសម្ព័ន្ធមិត្តបរទេសរបស់ពួកគេ បានវាយ ប្រហារកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ អាលី ហ្វូលហៀរ នៅតំបន់កណ្តាលស្ហាបែល។
មន្ត្រីក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅក្នុងទីក្រុង
ម៉ុងហ្កាឌីស្យុមានខ្លឹមសារថា៖ “ប្រតិបត្តិការនោះជាកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេស និងកំណត់ការប៉ុនប៉ងរបស់ចលនាណាមួយនៅទូទាំងតំបន់ដែលពួកគេតាំងនៅ”។
កម្លាំងរដ្ឋាភិបាលបានបង្កើនការវាយប្រហារយោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ចាប់តាំងពីលោកប្រធានធិបតី ហាស់សាន ស្ហេក ម៉ូហាម៉ូដ បានស្បថចូលកាន់តំណែងកាលពីខែឧសភា។
គួររំលឹកផងដែរថា ក្រុមកងជីវពលក្នុងស្រុកដែលគាំទ្ររដ្ឋាភិបាល ដែលមានឈ្មោះថា ម៉ាវ៉ាយលី ក៏បានបង្កើនការវាយប្រហាររបស់ពួកគេប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលមានពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធ អាល់ កៃដា ដែលបានបាត់បង់ទឹកដីដ៏ធំធេងដែលពួកគេធ្លាប់បានគ្រប់គ្រងកាលពីមួយទសវត្សរ៍មុន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២