ប្រទេសប៉ាគីស្ថាន៖មន្ត្រីយោធាបានប្រាប់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃសៅរ៍ថា យោធាប៉ាគីស្ថានបានសម្លាប់មេបញ្ជាការក្រុមភេរវករក្នុងអំឡុងពេលធ្វើប្រតិបត្តិការនៅភាគខាងជើងនៃស្រុកវ៉ារ៉ីស្ថាន ភាគពាយ័ព្យនៃប្រទេស។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍បាញ់គ្នាបានកើតឡើងរវាងក្រុមភេរវករ និងក្រុមទាហាន កាលពីថ្ងៃសុក្រនៅក្នុងតំបន់ ស្ហីវ៉ា ភាគខាងជើងស្រុកវ៉ារ៉ីស្ថាន ដែលជាស្រុកមួយនៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេស។
ប្រភព ISPR បន្ថែមឱ្យដឹងថា៖ “ក្នុងអំឡុងបេលបាញ់គ្នា មេបញ្ជាការភេរវករដ៏ល្បីល្បាញ ដែលមានឈ្មោះថា ម៉ូហាម៉េដ ណ័រ អេលៀស សារ៉ាកាយ ត្រូវបានសម្លាប់ ហើយអាវុធមួយចំនួន និងគ្រាប់រំសេវត្រូវបានរកឃើញពីក្រុមភេរវករដែលស្លាប់ទាំងនោះ។” ភេរវកររូបនោះធ្លាប់ចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពវាយប្រហារធំៗ ប្រឆាំងនឹងកម្លាំងសន្តិសុខ និងសកម្មភាពចាប់ជំរិតលោះប្រាក់មួយចំនួន។
ប្រភព ISPR បានបញ្ជាក់បន្ថែមឱ្យដឹងផងដែរថា ភេរវកររូបនោះគឺជាមនុស្សដែលនាយកដ្ឋានប្រឆាំងភេរវកម្មនៃអង្គភាពប៉ូលិសខេត្ត តាមចាប់ខ្លួនផងដែរ ចំពោះការជាប់ពាក់ព័ន្ធរបស់គាត់នៅក្នុងករណីជាច្រើនដែលជាប់ទាក់ទងទៅនឹងអំពើភេរវកម្ម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២