យន្តហោះអ៊ីស្រាអែលវាយប្រហារលើតំបន់ហ្កាហ្សាជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ូក្កែត

0

ប្រទេសអ៊ីស្រាអែល៖កម្លាំងអាកាសអ៊ីស្រាអែលបានវាយប្រហារតាមអាកាសកំណត់គោលដៅនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបកាលពីព្រឹកថ្ងៃអាទិត្យ ជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ូក្កែតចេញពីតំបន់ហ្កាហ្សា​នៅរយៈពេលប៉ុន្មានម៉ោងម៉ុន។

យោងតាមប្រភពព័ត៌មានពីកម្លាំងការពារជាតិអ៊ីស្រាអែលបានបញ្ជាក់ឱ្យដឹងថា ការវាយប្រហារតាមអាកាសបានកំណត់គោលដៅទៅលើទីតាំងផលិតអាវុធ ដែលជាកម្មសិទ្ធរបស់អង្គភាពក្រុមសកម្មប្រយុទ្ធហាម៉ាស់ ហើយទីតាំងនោះគឺជាកន្លែងដែលគ្រាប់រ៉ូក្កែតភាគច្រើននៅតំបន់ហ្កាហ្សាស្ទ្រីបកំពុងត្រូវបានផលិត។

នៅក្នុងសេចក្តីថ្លែងការណ៍ក៏បានបន្ថែមឱ្យដឹងផងដែរថា ផ្លូវរូងក្រោមដីរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់រងការកំណត់គោលដៅ។

នៅរយៈពេលប៉ុន្មានម៉ោងមុនហេតុការណ៍វាយប្រហារតាមអាកាស គ្រាប់រ៉ូក្កែតមួយគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សាស្រ្ទីប ទៅកាន់ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។ ពុំទាន់មាន​អង្គភាព​ប៉ាឡេស្ទីន​ណាមួយចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះការបាញ់គ្រាប់រ៉ូក្កែត។ ហេតុការណ៍នោះ ពុំបានបណ្តាលឱ្យមានការខូចខាត ឬមានមនុស្សរងរបួសទេ។

កម្លាំងការពារជាតិអ៊ីស្រាអែលបានបន្ថែមឱ្យដឹងថា ការវាយប្រហារពេញមួយយប់គឺធ្វើឡើងដើម្បីរារាំង​ការ​បង្កើត​កម្លាំង​របស់​អង្គការ​ភេរវករ​ហាម៉ាស់។

គួរំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធហាម៉ាបានគ្រប់គ្រងលើតំបន់ហ្កាហ្សាស្ទ្រីបកាលពីឆ្នាំ២០០៧។ ចាប់តាំងពីពេលនោះមក កម្លាំងអ៊ីស្រាអែល​បាន​បិទ​ផ្លូវ​យ៉ាង​តឹងរ៉ឹងនៅលើទឹកដី
ប៉ាឡេស្ទីន និងប្រឆាំងអង្គការដែលបង្កអរិភាពចំពោះប្រទេស។​ កាលពីដើមសប្តាហ៍នេះ កម្លាំងអ៊ីស្រាអែលបានសម្លាប់សមាជិក​ដ៏​សំខាន់​ពីរ​នាក់របស់​ក្រុម​ជីហាដ​អ៊ីស្លាម​ប៉ាឡេស្ទីននៅទីក្រុង ជេនីន ភាគខាងលិចតំបន់វ៉េសបេង។ ក្រោយមក ​ក្រុម​ជីហាដ​អ៊ីស្លាម​ប៉ាឡេស្ទីនបានប្រកាសថានឹងសងសឹកវិញ ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here