ប៉ាឡេស្ទីន៖ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ដោយទាហានអ៊ីស្រាអែលក្នុងអំឡុងពេលប៉ះទង្គិចគ្នានៅជំរំជនភៀសខ្លួន ដេស្ហេ នៅទីក្រុងបេឡេហេម ភាគខាងត្បូងនៃតំបន់វ៉េសបេង។
មន្ត្រីក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោក អូម៉ា ម៉េនណា អាយុ ២២ឆ្នាំ ត្រូវបានសម្លាប់ដោយកម្លាំងទាហានអ៊ីស្រាអែល ក្រោយពីរងការបាញ់សម្លាប់ចំទ្រូង ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នានៅជំរំជនភៀសខ្លួន។
ប្រភពព័ត៌មានក្នុងតំបន់ និងសាក្សីនៅកន្លែងកើតហេតុបាននិយាយថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងរវាងកម្លាំងទាហានប៉ាឡេស្ទីន និងកម្លាំងទាហានអ៊ីស្រាអែល បន្ទាប់ពីទាហានអ៊ីស្រាអែលបានសម្រុកចូលទៅក្នុងជំរំជនភៀសខ្លួនដើម្បីចាប់សកម្មជនប៉ាឡេស្ទីន។
អាជ្ញាធរអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះទេ។ ប្រភពព័ត៌មានពីកម្លាំងសន្តិសុខប៉ាឡេស្ទីនបានឱ្យដឹងថា កាលពីថ្ងៃចន្ទ កម្លាំងសន្តិសុខអ៊ីស្រាអែល បានចាប់ខ្លួនសកម្មជនប៉ាឡេស្ទីន ១៤នាក់ បន្ទាប់ពីបានសម្រុកចូលផ្ទះរបស់ពួកគេក្នុងតំបន់មួយចំនួននៅតំបន់វ៉េសបេង។
ចាប់តាំងពីខែមីនាមក កម្លាំងទាហានអ៊ីស្រាអែលបានធ្វើការវាយប្រហារជាប្រចាំនៅក្នុងទីក្រុងប៉ាឡេស្ទីន លើភូមិមួយចំនួន និងជំរំជនភៀសខ្លួន នៅក្នុងតំបន់វ៉េសបេង ដើម្បីចាប់ខ្លួនជនជាតិប៉ាឡេស្ទីនដោយបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធជាមួយការវាយប្រហារប្រឆាំងនឹងក្រុមអ្នកតាំងលំនៅ និងទាហានអ៊ីស្រាអែល។
បើយោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឱ្យដឹងថា តួលេខផ្លូវការរបស់ប៉ាឡេស្ទីនបានបង្ហាញឱ្យដឹងថា កាលពីខែមករា ជនជាតិប៉ាឡេស្ទីនច្រើនជាង ២០០នាក់ ត្រូវបានសម្លាប់ដោយកម្លាំងទាហានអ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន និងសម្លាប់មនុស្ស ៥០នាក់ផ្សេងទៀតនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ យ៉ាងណាមិញ ជនជាតិអ៊ីស្រាអែលច្រើនជាង ២៥នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកម្លាំងប៉ាឡេស្ទីន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២