ប្រទេសប៉ាគីស្ថាន៖ប្រភពយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទមានខ្លឹមសារថា ទាហានប៉ាគីស្ថានម្នាក់ និងក្រុមភេរវករ ៥នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការយោធាដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់នៅក្នុងខេត្ត ខាយប័រផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនោះត្រូវបានធ្វើឡើងនៅក្នុងតំបន់ ចាឡា អាល់ហ្កាដ ភាគខាងជើងនៃស្រុកវ៉ាហ្ស៊ីរ៉ីស្ថាន ដើម្បីសម្អាតទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ។
ក្នុងអំឡុងពេលប្រតិបត្តិការ ការបាញ់ប្រហារគ្នាបានកើតឡើងរវាងកម្លាំងសន្តិសុខ និងក្រុមភេរវករ។ ជាលទ្ធផល ទាហានម្នាក់ និងក្រុមភេរវករ ៥នាក់ ត្រូវបានសម្លាប់។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលក៏បានបន្ថែមឱ្យដឹងផងដែរថា អាវុធ និងគ្រាប់រំសេវមួយចំនួនត្រូវបានរកឃើញពីក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះ ហើយក្រុមភេរវករទាំងនោះក៏ធ្លាប់បានធ្វើសកម្មភាពយ៉ាងសកម្មពាក់ព័ន្ធនឹងសកម្មភាពភេរវករប្រឆាំងនឹងកម្លាំងសន្តិសុខ និងបានសម្លាប់ប្រជាជនស្លូតត្រង់ជាច្រើននាក់។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការទាំងនោះត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករដែលនៅសេសសល់ផ្សេងទៀតនៅក្នុងតំបន់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២