អង្គភាពស៊ើបការណ៍សម្ងាត់តួកគីសម្លាប់សមាជិកជាន់ខ្ពស់របស់ YPG នៅក្នុងប្រទេសស៊ីរី

0

ប្រទេសតួកគី៖ភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការណ៍អាណាដូលូបានរាយការណ៍ថា កាលពីថ្ងៃចន្ទ អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគី ដែលហៅកាត់ថា (MIT) បានសម្លាប់សមាជិកជាន់ខ្ពស់របស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) នៅភាគខាងជើងប្រទេសស៊ីរី។

ភ្នាក់ងារសារព័ត៌មានបានដកស្រង់សម្តីរបស់សន្តិសុខអនាមិកដែលមានខ្លឹមសារថា សមាជិកជាន់ខ្ពស់របស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) នៅក្នុងទីក្រុង អាន អ៊ីសា មានឈ្មោះថា ស៊ីហាម ម៉ីសលី ដែលមានកូដឈ្មោះ ម៉ីហ្សហ្គីន កូបានី ធ្លាប់បានចូលរួមពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមភេរវករ ដែលវាយប្រហារប្រឆាំងនឹងតំបន់ប្រតិបត្តិការ អូផឺរ៉េស្ហិន ផីស ស្ព្រីង របស់កម្លាំងតួកគី។

កាលពីថ្ងៃទី២០ ខែវិច្ឆិកា កម្លាំងតួកគីបានធ្វើប្រតិបត្តិការតាមអាកាសប្រឆាំងនឹងអង្គភាពការពារប្រជាជនឃឺដស៊ីរីនៅភាគខាងជើងប្រទេសស៊ីរី និងគណបក្សពលករឃឺដ (PKK) ខុសច្បាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

សកម្មភាពយោធាធ្វើឡើងបន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែក នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដោយបានសម្លាប់មនុស្ស ៦នាក់ និងបង្ករបួសដល់មនុស្ស ៨១នាក់ផ្សេងទៀត។ ក្រោយពីមានការវាយប្រហារ កម្លាំងប៉ូលិសតួកគីបាននិយាយថា ពួកគេបានឃុំខ្លួនស្ត្រីជនជាតិស៊ីរី ដែលមានឈ្មោះថា អាស្លាម អាល់បាស្ហៀរ ដែលបានសារភាពថាបានទទួលបញ្ជាពីអង្គភាពការពារប្រជាជនឃឺដស៊ីរី ដែលអង្គភាពនោះត្រូវបានទីក្រុងអង់ការ៉ាចាត់ទុកថាជាសាខារបស់គណបក្សពលករឃឺដ (PKK) ខុសច្បាប់។

គួរបញ្ជាក់ផងដែរថា លោក រ៉េស៊ីប ថាយយ៉ីប អឺរដូហ្កាន បាននិយាយកាលពីចុងខែវិច្ឆិកាថា
កម្លាំងតួកគីនឹងបើកប្រតិបត្តិការលើដីនៅភាគខាងជើងប្រទេសស៊ីរី នៅពេលវេលាមួយសមស្របដើម្បីបង្កើតស្រទាប់សុវត្ថិភា។ គណបក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវករ​ដោយ ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​តួកគី​អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​មក​ហើយ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here