ក្បួន​បេសកកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​រួច​ផុត​ពីហេតុ​ការណ៍​ផ្ទុះ​គ្រាប់​មីន បង្កប់នៅក្នុង​ទីក្រុងហូដេសដាស់ ប្រទេស​យេម៉ែន

0

ប្រទេស​យេម៉ែន៖ប្រភពសន្តិសុខបានប្រាប់ភ្នាក់ងារសារព័ត៌មានថា​ កាលពីថ្ងៃអង្គារក្បួនរថយន្តនៃបេសកកម្មរបស់អង្គការសហប្រជាជាតិដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងទីក្រុងហូដេសដាស់ ដែលហៅកាត់ថា UNMHA បានរួចផុតពីហេតុការណ៍ផ្ទុះមីនបង្កប់ក្រោមដីនៅក្នុងកំពង់ផែ រេដ ស៊ី នៃទីក្រុងហូដេសដាស់។

មន្ត្រីក្នុងតំបន់និយាយក្នុងលក្ខណ្ឌអនាមិកថា៖ “ក្បួនរថយន្តនៃបេសកកម្ម UNMHA រងការវាយប្រហារដោយហេតុការណ៍ផ្ទុះគ្រាប់មីនបង្កប់ក្រោមដី ខណៈដែលពួកគេកំពុងធ្វើដំណើរនៅក្នុងស្រុក អាល់​ ហាលី នៃទីក្រុងហូដេសដាស់”។ លោកបានបញ្ជាក់ឱ្យដឹងថា ហេតុការណ៍ផ្ទុះនោះពុំបានបង្ករបួសដល់នរណាម្នាក់នោះទេ ប៉ុន្តែបានបង្កការខូចខាតដល់ផ្នែកខ្លះនៃរថយន្ត២គ្រឿង។

លោកបានអះអាងថា៖ “មន្ត្រីនៃក្រុមឧទ្ទាមហ៊ូធីកំពុងអមដំណើរលោក ឧត្តមសេនីយ មីជ ឆែល ប៊ែរ៉ី ប្រធានបេសកកម្ម UNMHA នៅពេលដែលហេតុការណ៍ផ្ទុះបានកំណត់គោលដៅទៅលើក្បួនរថយន្តរបស់អង្គការសហប្រជាជាតិនៅទីក្រុងហូដេសដាស់”។

មន្ត្រីនៅក្នុង​មូលដ្ឋាន​ម្នាក់​ទៀត​បាន​និយាយថា ប្រធាននៃបេសកកម្ម UNMHA និងមន្ត្រីនៃឧទ្ទាមហ៊ូធី កំពុងតែធ្វើដំណើរទៅត្រួតពិនិត្យនូវកិច្ចការបំផ្លាញជាតិផ្ទុះ និងគ្រាប់មីនក្នុងបរិមាណដ៏ច្រើននៅទីក្រុងហូដេសដាស់។​

អ្នក​ជំនាញ​ដោះ​មីន​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា​ កន្លង​មក​មាន​គ្រាប់​មីនច្រើន​ជាង ​១​លាន​គ្រាប់ ត្រូវ​បាន​បង្កប់ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​ស៊ីវិល​យេម៉ែន​នៅ​ចុង​ឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីដណ្តើមបានការគ្រប់គ្រងលើខេត្តមួយចំនួននៅភាគខាងជើង និងបានបង្ខំឱ្យរដ្ឋាភិបាលយេម៉ែនចាកចេញពីទីក្រុងសាណា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here