ប្រទេសនីហ្សេរីយ៉ា៖មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា កម្លាំងទ័ពនីហ្សេរីយ៉ាបានសម្លាប់ក្មាន់កាំភ្លើងមួយចំនួនក្នុងអំឡុងពេលប្រតិបត្តិការនៅភាគខាងជើងរដ្ឋកូដូណា។
នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារបានបញ្ជាក់ឱ្យដឹងថា លោក សាមូអែល អារូវ៉ាន ស្នងការសន្តិសុខផ្ទៃក្នុង និងកិច្ចការផ្ទៃក្នុងរបស់រដ្ឋបាននិយាយថា ក្មាន់កាំភ្លើងមួយចំនួន ដែលនៅក្នុងតំបន់នោះគេស្គាល់ថា ជាក្រុមចោរប្លន់ ត្រូវបានសម្លាប់ និងមួយចំនួនផ្សេងទៀតបានរត់គេចខ្លួនជាមួយនឹងរបួសដែលរងគ្រាប់កាំភ្លើង ក្នុងអំឡុងពេលប្រតិបត្តិការយោធា ក្នុងព្រៃនៅតំបន់ហ្គីវ៉ា កាលពីថ្ងៃចន្ទ។
លោកស្នងការបានអំពាវនាវឲ្យមានការសហការពីប្រជាពលរដ្ឋ ទាកទិនទៅនឹងករណីបុគ្គលដែលសង្ស័យកំពុងស្វែងរកការព្យាបាលរបួសដោយសារតែរងគ្រាប់កាំភ្លើង ខណៈដែលក្រុមចោរទាំងនោះកំពុងរត់គេខ្លួន។ លោកអារូវ៉ានបាននិយាយថា៖ “ប្រតិបត្តិការប្រមាញ់បទល្មើសនៅក្នុងតំបន់ទូទៅកំពុងដំណើរការ ហើយប្រជាពលរដ្ឋនឹងទទួលបានបច្ចុប្បន្នភាពព័ត៌មានបន្ថែមលើស្ថានការណ៍បន្តបន្ទាប់ទៀត។”
កាលពីរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការវាយប្រហារដោយក្មាន់កាំភ្លើងជាច្រើនករណី ដែលជាលទ្ធផលបណ្តាលឱ្យមនុស្សស្លាប់ និងការចាប់ជំរិតជាច្រើន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២