ប្រទេសប៉ាគីស្ថាន៖ប៉ូលិសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ប៉ូលិសម្នាក់ត្រូវបានសម្លាប់ និងម្នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអង្គារ ក្នុងហេតុការណ៍វាយប្រហារ ២ដោយឡែកពីគ្នា នៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
ប៉ូលិសនិយាយថា ប៉ូលិសម្នាក់ត្រូវបានសម្លាប់ នៅពេលដែលក្រុមសកម្មប្រយុទ្ធបានវាយប្រហារទៅលើបុស្ត៍ប៉ូលិសនៅពេលយប់ក្នុងតំបន់ម៉េនដេន នៅស្រុកបាននូ។ ក្នុងអំឡុងពេលបាញ់គ្នា ប៉ូលិសរូបនោះក៏បានស្លាប់។ ប៉ូលិសបាននិយាយថា នៅក្នុងហេតុការណ៍បន្តទៀត ប៉ូលិសម្នាក់បានរងរបួស ក្រោយពីក្រុមសកម្មប្រយុទ្ធបានវាយប្រហារលើរថយន្តរបស់កម្លាំងសន្តិសុខ កាលពីពេលរសៀល នៅក្នុងស្រុក ដឺរ៉ា អ៊ីសម៉េល ខាន។ ប្រតិបត្តិការស្វែងរក និងប្រយុទ្ធប្រឆាំង ត្រូវបានធ្វើឡើងនៅក្នុងតំបន់ ក្រោយពីមានការវាយប្រហារបានកើតឡើង។
កាលពីពេលថ្មីៗនេះ ការវាយប្រហារភេរវកម្មមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយផ្តោត សំខាន់ទៅលើកម្លាំងសន្តិសុខ និងភ្នាក់ងារអនុវត្តច្បាប់ នៅតាមតំបន់មួយចំនួននៃប្រទេសប៉ាគីស្ថាន ជាពិសេសនៅក្នុងខេត្តខាយប័រផាកថុនវ៉ា ក្រោយពីក្រុមសកម្មប្រយុទ្ធ ថេរ៉ីក អ៊ីតាលីបង់ ប៉ាគីស្ថាន បានប្រកាសបញ្ចប់បទឈប់បាញ់ជាមួយរដ្ឋាភិបាលកាលពីសប្តាហ៍មុន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២