ប៉ាឡេស្ទីន៖យោងតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីប៉ាឡេស្ទីនបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៣នាក់ ត្រូវបានសម្លាប់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ក្នុងហេតុការណ៍បាញ់គ្នាជាមួយទាហានអ៊ីស្លាអែល នៅទីក្រុងជេនីន ភាគខាងជើងតំបន់វ៉េសបេង។
មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានថា ជនជាតិប៉ាឡេស្ទីន ៣នាក់ ត្រូវបានសម្លាប់ ដោយទាហានអ៊ីស្រាអែល និងម្នាក់ផ្សេងទៀតរងរបួសធ្ងន់។
នៅក្នុងសេចក្តីថ្លែការណ៍នោះពុំបានផ្តល់ព័ត៌មានលម្អិតនោះទេ។ ប៉ុន្តែប្រជាជននៅក្នុងតំបន់ និងមន្ត្រីសន្តិសុខបាននិយាយថា ទាហានអ៊ីស្រាអែលបានសម្រុកចូលទៅក្នុងតំបន់សំខាន់នៃទីក្រុង ដោយបានវាយប្រហារលើរថយន្តរបស់ជនជាតិប៉ាឡេស្ទីន និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន៣នាក់ ដែលមានឈ្មោះថា លោកថារីក អាល់ ដាមេជ លោកស៊ីដឌី ហ្សាកាណេស និងលោក អាថា ស្ហាឡាប៊ី។
ក្រោយពីមានហេតុការណ៍វាយប្រហារ ការបាញ់គ្នាយ៉ាងធ្ងន់ធ្ងរបានកើតឡើងរវាងក្រុមសកម្មប្រយុទ្ធ និងទាហានអ៊ីស្រាអែល ហើយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ អ្នកនាំពាក្យកម្លាំងទាហានអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានថា កម្លាំងពិសេសអ៊ីស្រាអែល បានធ្វើប្រតិបត្តិការយោធានៅក្នុងគោលបំណងចាប់ ខ្លួនជនជាតិប៉ាឡេស្ទីនគោលដៅ ដោយកម្លាំងសន្តិសុខអ៊ីស្រាអែលពីបទមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារប្រឆាំងនឹងកម្លាំងអ៊ីស្រាអែល។
កម្លាំងប៉ាឡេស្ទីននៅក្នុងទីក្រុង បានប្រកាសថ្ងៃកាន់ទុក្ខនៅក្នុងការតវ៉ាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនទាំង ៣នាក់នោះ។
យោងតាមទិន្ន័យរបស់មន្រ្តីក៏បានបង្ហាញឱ្យដឹងផងដែរថា ចាប់តាំងពីខែមករាមក ជនជាតិប៉ាឡេស្ទីន ២១៣នាក់ ត្រូវបានសម្លាប់ រាប់បញ្ចូលទាំង ៥០នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ ប្រជាជនប៉ាឡេស្ទីនភាគច្រើន ត្រូវបានសម្លាប់នៅភាគខាងជើងនៃទីក្រុងជេនីន និងទីក្រុងណាប្លុស នៅភាគតំបន់វ៉េសបេង៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២