ក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយថា ក្រុមអ្នកវាយប្រហារប្រដាប់អាវុធបានបើកការវាយប្រហារ “ភេរវកម្ម” ដ៏សាហាវមួយទៅលើក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ប្រទេសតួកគីនៅក្បែរទីក្រុងអង់ការ៉ា កាលពីថ្ងៃពុធ ទី២៣ ខែតុលា។
រដ្ឋមន្ត្រីមហាផ្ទៃលោក អាលី យឺលែខាយា បាននិយាយថា យ៉ាងហោចណាស់មនុស្ស៥នាក់ត្រូវបានសម្លាប់ និង២២នាក់រងរបួសក្នុង “ការវាយប្រហារភេរវកម្ម” លើទីស្នាក់ការកណ្តាលឧស្សាហកម្មអាកាសចរណ៍តួកគី (TUSAS) នៅជាយក្រុងអង់ការ៉ា។ លោកបានបន្ថែមថា អ្នកវាយប្រហារមានគ្នា ២នាក់ ម្នាក់ជាបុរស និងម្នាក់ទៀតជាស្ត្រីត្រូវបានសម្លាប់។
ក្នុងចំណោមអ្នកស្លាប់មានមន្ត្រី TUSAS ៤នាក់ និងអ្នកបើកតាក់ស៊ីម្នាក់ ដែលបានដឹកអ្នកវាយប្រហារទៅកន្លែងកើតហេតុ នេះបើយោងតាមសម្តីរបស់អនុប្រធានាធិបតីតួកគី ចេវដេត យិលម៉ា។
វីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមើលបញ្ជាក់ និងផ្ទៀងផ្ទាត់ទីតាំងភូមិសាស្ត្រដោយ CNN បានបង្ហាញពីពេលផ្ទុះដែលធ្វើឲ្យកក្រើកទីស្នាក់ការកណ្តាលរបស់ TUSAS។ បន្ទាប់ពីមានហេតុការណ៍ផ្ទុះ គេឃើញមនុស្សម្នាក់កាន់កាំភ្លើងរត់ចូលទៅកន្លែងចតរថយន្ត ។
នៅក្នុងវីដេអូមួយផ្សេងទៀតដែលមើលបញ្ជាក់ដោយ CNN និងខ្សែរវីដេអូរ CCTV បង្ហាញថា អ្នកវាយប្រហារស្ពាយកាបូប និងកាន់កាំភ្លើងចូលទៅជិតច្រកចូលទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនអាកាសចរណ៍។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ ប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មានចោទសួរ លោករដ្ឋមន្ត្រីការពារជាតិតួគី យាសារ ហ្គូលឺ បានបញ្ចេញយោបល់ថា សមាជិកនៃគណបក្សពលករឃឺដ (PKK) អាចនៅពីក្រោយការវាយប្រហានេះ។ គណបក្សពលករឃឺដត្រូវបានគេចាត់ថ្នាក់ថាជាអង្គការភេរវករដោយប្រទេតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប។
ដោយមិនបានបញ្ជាក់លម្អិតអំពីអត្តសញ្ញាណរបស់អ្នកវាយប្រហារ លោក ហ្គូលឺ បានប្រាប់អ្នកយកព័ត៌មានថា “យើង (តួកគី) ដាក់ទណ្ឌកម្មលើសមាជិកគណបក្សពលករឃឺដដែលមិនគួរឱ្យគោរព ដូចដែលពួកគេសមនឹងទទួលបានម្តងហើយម្តងទៀត ប៉ុន្តែពួកគេហាក់ដូចជាមិនរាងចាល” ។
ក្រោយមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា ក្នុងពេលដែលការកំណត់អត្តសញ្ញាណអ្នកវាយប្រហារកំពុងដំណើរការ ការវាយតម្លៃដំបូងបង្ហាញថាសាមជិកបក្សពលករឃឺដជាអ្នកនៅពីក្រោយការវាយប្រហារនេះ។
“នៅពេលដែលគេបញ្ជាក់បានថាក្រុមភេរវករណាជាអ្នកប្រព្រឹត្តិ ពេលនោះព័ត៌មាននឹងត្រូវបានប្រកាសជាសាធារណៈ។ ប៉ុន្តែខ្ញុំនឹងនិយាយបែបនេះ ដូចដែលយើងបានឮការបញ្ចេញយោបល់របស់រដ្ឋមន្ត្រីការពារជាតិដែរ។ តាំងពីពេលចាប់ផ្តើម របៀបដែលការវាយប្រហារត្រូវបានអនុវត្ត វីដេអូដែលយើងបានឃើញ បញ្ជាក់ថាគណបក្សពលករឃឺដ (PKK) ជាអ្នកវាយប្រហារ។ ទាំងនោះគឺជាការវាយតម្លៃរបស់យើង”។ នេះគឺជាពក្យសម្តីរបស់ លោក យឺលែខាយា បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងអង់ការ៉ានៅខាងក្រៅមន្ទីរពេទ្យដែលអ្នករបួសមួយចំនួនកំពុងទទួលបានការព្យាបាល។
ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំគណបក្សចលនាជាតិនិយមរបស់ប្រទេសតួកគីបានលើកឡើងពីទំនាក់ទំនងជនជាតិឃឺដនៅក្នុងសភា ជាកន្លែងដែលគាត់បានស្នើឱ្យមានការដោះលែងមេដឹកនាំគណបក្សពលករឃឺដ (PKK) ដែលជាប់ពន្ធនាគារ ប្រសិនបើគាត់រំលាយចោលអង្គភាព នេះបើតាមសេចក្តីរាយការណ៍របស់រ៉យទ័រ។
ក្រោយមកនៅថ្ងៃពុធ តំបន់ជនជាតិឃឺដរស់នៅជាច្រើនកន្លែងនៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ត្រូវតួកគីវាយប្រហារ។
ការវាយប្រហារដ៏ឃោឃៅ
ភ្នាក់ងារសារព័ត៌មានអាណាដូឡូបានរាយការណ៍ថា បន្ទាប់ពីការវាយប្រហារនេះអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍លោក មេហមិត ដឺមៀរុកលូ បានចាកចេញពីពិព័រណ៍ការពារជាតិដ៏ល្បីមួយដើម្បីត្រឡប់ទៅទីក្រុងអង់ការ៉ាវិញ។
TUSAS ត្រូវបានបញ្ចូលទៅក្នុងក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ប្រទេសតួកគីក្នុងឆ្នាំ១៩៧៣ ដើម្បីកាត់បន្ថយ “ការពឹងផ្អែកលើបរទេស” នៃឧស្សាហកម្មការពារជាតិរបស់ប្រទេស នេះបើយោងតាមគេហទំព័ររបស់ TUSAS)
“នេះគឺជាក្រុមហ៊ុនការពារជាតិដ៏ធំបំផុតមួយនៅក្នុងប្រទេស។ ក្រុមហ៊ុននេះកំពុងផលិតដ្រូនប្រដាប់អាវុធ និងយន្តហោះចម្បាំងជាច្រើនគ្រឿង” លោក រ៉ាជីប សយឡូ ប្រធានការិយាល័យសារព័ត៌មានតួកគី ម៊ីដឌល អេស អាយ ( Middle East Eye) ប្រាប់ភ្នាក់ងារសារព័ត៌មាន CNN ។
ការវាយប្រហារនេះបានកើតឡើងក្នុងពេលដែលប្រធានាធិបតីទួរគី រ៉េស៊ីប ថាយ៉ីប អឺដូហ្កាន នៅក្នុងទីក្រុងកាហ្សានប្រទេសរុស្ស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS ប្រចាំឆ្នាំ។ លោកប្រធានាធិបតីតួកគីបានថ្កោលទោស “ការវាយប្រហារដ៏គួរឱ្យស្អប់ខ្ពើម” និងបានថ្លែងអំណរគុណចំពោះការរំលែកទុក្ខរបស់ប្រធានាធិបតីរុស្ស៊ីវ្លាដឺមៀរ ពូទីន។
លោក អឺដូហ្កាន បានចាត់ទុកឧប្បត្តិហេតុនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមអ៊ីក្ស ថាជា “ការវាយប្រហារដ៏ឃោរឃៅ” ដែលមានគោលដៅលើការរស់រានមានជីវិតរបស់ប្រទេសជាតិ និងគំនិតផ្តួចផ្តើមការពារជាតិ។ ប្រធានាធិបតីតួកគីបានសរសេរថា “ខ្ញុំសូមជូនពរសព្ធសាធុការដល់ប្រទេសជាតិរបស់យើង និងបុគ្គលិកដែលមានចិត្តស្មោះរបស់ TUSAS ដែលជាប្រភពនៃមោទនភាពសម្រាប់ឧស្សាហកម្មការពារជាតិរបស់យើង”។
ប្រទេសតួកគីជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។ លោក មាក រ៉ូត អគ្គលេខាធិការអង្គការណាតូ បាននិយាយថា លោកបាននិយាយជាមួយលោក អឺដូហ្កាន អំពីការវាយប្រហារ “ដ៏គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង” នេះ។ លោកនិយាយថា “ អង្គការណាតូឈរនៅជាមួយប្រទេសតួកគី”។
អភិបាលក្រុងអង់ការ៉ា លោកម៉េនសួរ យាវ៉ាស បាននិយាយថា លោកមានការ “សោកស្ដាយ” ចំពោះការវាយប្រហារលើ TUSAS ដែលជាក្រុមហ៊ុនការពារជាតិដ៏សំខាន់មួយ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួកគី លោក យីលម៉ាហ្ស ដុនស បាននិយាយថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមនៅក្នុងការវាយប្រហារនេះ។
ការវាយប្រហារនៅថ្ងៃពុធគឺ “នឹងបំផុសឡើងនូវសំណួរជាច្រើន” នៅក្នុងប្រទេសដែលមិនធ្លាប់មានអំពើហិង្សាបែបនេះអស់រយៈពេលជាច្រើនឆ្នាំ នេះបើតាមអ្នកជំនាញតួកគី អាសលី អាយឌីនតាសបាសប្រាប់សារព័ត៌មាន CNN។
អ្នកស្រី អាយឌីនតាសបាស ដែលជាសហការីផ្នែកគោលនយោបាយជាន់ខ្ពស់នៅក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងបរទេសបានបញ្ជាក់ឱ្យដឹងថា ការវាយប្រហារនេះគឺជាការវាយប្រហារលើកដំបូងសម្រាប់ រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយបានកើតឡើងនៅពេលដែលរដ្ឋាភិបាលតួកគីបានចាប់ផ្តើម ស្វែងយល់ពីគំនិតនៃដំណើរការសន្តិភាពជាមួយបក្សពលករឃឺដ (PKK)។
អ្នកស្រីបាននិយាយថា “ការវាយប្រហារលើក្រុមហ៊ុនម៉ៅការផ្នែកការពារជាតិតួកគី ដែលមិនមែនត្រឹមតែជាក្រុមហ៊ុនសាធារណៈមួយប៉ុណោះទេប៉ុន្តែក៏ជាអង្គភាពដ៏មានសាៈសំខាន់នៃឧស្សាហកម្មការពារជាតិរបស់ប្រទេសតួកគី នឹងធ្វើឲ្យប៉ះទង្គិចយ៉ាងខ្លាំង។ វានឹងបង្កឱ្យមានចម្ងល់និងមន្ទិលជាច្រើនក្នុងប្រទេសតួកគីអំពីអ្វីដែលជាការជំរុញចិត្តឲ្យធ្វើបែបនេះ ហើយតើបុគ្គលណាដែលអាចនៅពីក្រោយការវាយប្រហារនេះ”។ អ្នកស្រី អាយឌីនតាសបាស បានបន្ថែមថា “វានឹងមានទ្រឹស្តីនិងការយល់ច្រលំជាច្រើន រហូតដល់យើងដឹងថាអ្នកណាជាអ្នករៀបចំផែនការនេះ និងអនុវត្តការវាយប្រហារបែបនេះ” ។
តួកគីវាយលុកតំបន់ឃឺដនៅតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី
ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគីអាណាដូលូបានរាយការណ៍ថា បន្ទាប់ពីការវាយប្រហារនៅក្បែរទីក្រុងអង់ការ៉ា ក្រសួងការពារជាតិទួកគីបាននិយាយថា កម្លាំងរបស់ពួកគេបានវាយប្រហារលើគោលដៅរបស់គណបក្សពលករឃឺដ (PKK) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។ ទីភ្នាក់ងារសារព័ត៌មាននេះបានសរសេរថា “កងកម្លាំងតួកគីបានបំផ្លាញទីតាំងភេរវករ៣២កន្លែងនៅក្នុងប្រតិបត្តិការតាមអាកាសដែលធ្វើឡើងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី ហើយភេរវករមួយចំនួនធំត្រូវបាន “សម្លាប់” ។
កម្លាំងប្រជាធិបតេយ្យស៊ីរីឃឺដដែលដឹកនាំដោយជនជាតិឃឺដហៅកាត់ថា (SDF) ដែលធ្វើប្រតិបត្តិការនៅភាគឦសានប្រទេសស៊ីរី បាននិយាយថា យោធាតួកគីបានបាញ់ផ្លោងចូលទីក្រុងកូបានី និងទីក្រុងថាលរ៉ីហ្វាអេត ភាគខាងជើងនៃទីក្រុងអាឡិបប៉ូ។ លោក ហ្វាហែដ ស្ហាម៉ី ប្រធានប្រព័ន្ធផ្សព្វផ្សាយ (SDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា ការវាយប្រហារទាំងនោះបានសម្លាប់ជនស៊ីវិល ២នាក់ និងមនុស្ស ៦នាក់ផ្សេងទៀតរងរបួស។
“ប្រទេសតួកគីបានទម្លាក់គ្រាប់បែកដោយគ្មានការលើកលែងនិងយ៉ាងអយុត្តិធម៌មកលើតំបន់របស់យើង ដោយកំណត់គោលដៅលើជនស៊ីវិល សេវានានា និងមណ្ឌលសុខភាព។ នេះជាឧក្រិដ្ឋកម្មសង្គ្រាម» នេះបើតាមមេបញ្ជាការ SDF លោក ម៉ាហ្ស្លូម អាបឌី ដែលបានសរសេររៀបរាប់លើបណ្តាញសង្គមអ៊ីក្ស។
សហរដ្ឋអាមេរិកបានបង្ហាញភាពខុសគ្នារវាងកម្លាំងប្រជាធិបតេយ្យស៊ីរីឃឺដ (SDF) និងគណបក្សពលករឃឺដ PKK ។ ប៉ុន្តែតួកគីចាត់ទុក SDF និងអង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ដែលជាកងជីវពលឃឺដគាំទ្រដោយសហរដ្ឋអាមេរិកដែលបានប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) គឺជាផ្នែកមួយនៃគណបក្សពលករឃឺដ (PKK)។
ចំណែកឯនៅក្នុងប្រទេសអ៊ីរ៉ាក់ លោក កាម៉ីរ៉ាន ហាសាន អភិបាលស្រុកម៉ាវ៉ាត ខេត្តសូឡាយម៉េន៉ីយ៉ាស នៃតំបន់ឃឺដរបស់ប្រទេសអ៊ីរ៉ាក់ បានប្រាប់ភ្នាក់ងារសារព័ត៌មាន CNN ថា ភ្នំ មោណអេសុស គឺជាគោលដៅវាយប្រហារតាមអាកាស២ដងដែលធ្វើឡើងដោយតួកគី ។
ប្រធានាធិបតីតួកគី លោក អឺដូហ្កាន បាននិយាយថា គោលដៅចុងក្រោយរបស់គាត់គឺលុបបំបាត់គណបក្សពលករឃឺដ (PKK) ដែលបានប្រយុទ្ធប្រឆាំងរដ្ឋាភិបាលតួកគីអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ។ ប្រទេសតួកគីមិនសប្បាយចិត្តជាយូរមកហើយចំពោះវត្តមានបក្សពលករឃឺដដ៏ខ្លាំងក្លានៅភាគឦសានប្រទេសស៊ីរីក្បែរព្រំដែនតួកគី។ កាលពីឆ្នាំ២០១៩ ប្រទេសតួកគីបានចាប់ផ្តើមផែនការវាយប្រហារដោយកំលាំងយោធានៅភាគឦសានប្រទេសស៊ីរីក្នុងគោលបំណងបណ្តេញកងកម្លាំងឃឺដឱ្យចេញឆ្ងាយពីព្រំដែនប្រទេសតួកគី។
ការហាមឃាត់ផ្សាយអំពីផលវិបាកនៃការវាយប្រហារ
នៅមុននេះបន្តិច នាយកដ្ឋានមជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈតួកគីដើម្បីប្រឆាំងព័ត៌មានមិនពិតបានព្រមានប្រជាជនឱ្យជឿតែលើសេចក្តីថ្លែងការណ៍ផ្លូវការមួយប៉ុណ្ណោះ ហើយកុំឱ្យជឿលើការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់។
អាជ្ញាធរតួកគីបានប្រកាសហាមប្រាមការផ្សាយលទ្ធផលមិនល្អនៃការវាយប្រហារដោយនិយាយថា វាគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់មិនឱ្យមាន “ការឃោសនាភេរវកម្ម” ។ ក្រុមហ៊ុនវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានស្នើឱ្យចាត់វិធានការបំបាត់ការចែកចាយ “ព័ត៌មាន និងរូបភាពដែលមិនបានអនុញ្ញាត” ដោយអាចប្រឈមនឹង “ទណ្ឌកម្មធ្ងន់ធ្ងរ” ប្រសិនបើពួកគេមិនអនុវត្តតាម នេះជាការបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់វិទ្យុនិងទូរទស្សន៍រដ្ឋតួកគី លោក អេបបេកកឺ សាហ៊ីន សរសេររៀបរាប់នៅលើបណ្តាញសង្គមអ៊ីក្ស។
បន្ទាប់ពីការប្រកាសនេះ បុគ្គលិកក្រុមហ៊ុនត្រួតពិនិត្យអ៊ីនធឺរណិត Netblocks បាននិយាយថា ការផ្សាយបន្តផ្ទាល់នៅលើថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គមមានដូចជា បណ្តាញសង្គម X
Instagram Facebook YouTube និង TikTok ត្រូវបានហាមឃាត់នៅក្នុងប្រទេសតួកគី។
ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ក៏បានសម្តែងនូវសមានទុក្ខរបស់លោកផងដែរ។“តើអ្នកដឹងទេថាយើងមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះ។ យើងសូមថ្កោលទោសចំពោះរាល់ទង្វើណាមួយនៃការវាយប្រហារនេះ មិនថាពួកគេមានការជំរុញចិត្តបែបណាក៏ដោយ” លោក ពូទីន បានប្រាប់លោក អឺដូហ្កាន ក្នុងសុន្ទរកថាបើករបស់គាត់ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារ។
អ្នកនាំពាក្យម្នាក់បានប្រាប់ភ្នាក់ងារសារព័ត៌មាន CNN ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងតាមដានរបាយការណ៍នៃការវាយប្រហារនេះ។ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសតួកគីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះដោយសរសេរនៅលើបណ្តាញសង្គមអ៊ីក្សមានខ្លឹមសារថា “យើងឈរជាមួយសម្ព័ន្ធមិត្តតួកគីរបស់យើង”