មន្ត្រីមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃសុក្រថា ការវាយប្រហារដោយកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់២៣នាក់។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានស្រង់សម្តីអាជ្ញាធរក្នុងតំបន់ ដែលនិយាយថាការកើនឡើងចំនួនអ្នកស្លាប់នេះកើតឡើងនៅក្នុងភូមិមួយចំនួនក្នុងខេត្តអ៊ីធួរ៉ីកាលពីថ្ងៃអង្គារ និងថ្ងៃពុធ។
OCHA បាននិយាយថា“មនុស្សជាច្រើននាក់ផ្សេងទៀតត្រូវបានចាប់ជំរិតក្នុងការវាយឆ្មក់រីឯអ្នកភូមិផ្សេងទៀតបានភៀសខ្លួនទៅតំបន់ក្បែរគ្នាដើម្បីសុវត្ថិភាព។ ការវាយប្រហាររបស់ ADF ក៏ត្រូវបានរាយការណ៍នៅតំបន់បេននី ក្នុងខេត្តគីវ៉ូខាងជើង កាលពីថ្ងៃពុធដោយបានសម្លាប់ជនស៊ីវិល១៧នាក់”។
ADF ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមរដ្ឋអ៊ីស្លាមនៅអាហ្វ្រិកកណ្តាល គឺជាក្រុមឧទ្ទាមអ៊ូហ្គង់ដាដែលប្រតិបត្តិការនៅក្នុងព្រៃនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ក្រុមឧទ្ទាមនេះត្រូវបានស្តីបន្ទោសថាបានបង្កការបំផ្លិចបំផ្លាញក្នុងភូមិមួយចំនួននៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
តាមប្រភពផ្លូវការបានឲ្យដឹងថា នៅក្នុងខេត្តគីវ៉ូខាងត្បូង ភាពអសន្តិសុខនៅតែជាក្តីបារម្ភយ៉ាងចម្បងក្នុងនៅមានទាំងនៅក្នុងរដ្ឋធានីខេត្តប៉ូកាវ៉ូ ជាកន្លែងដែលគ្រូពេទ្យក្នុងស្រុករាយការណ៍ថា ការផ្ទុះនៅថ្ងៃព្រហស្បតិ៍នៅកន្លែងជួបជុំក្នុងចលនាអឹម២៣ សម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ និងបង្ករបួសស្នាមដល់មនុស្សជាច្រើននាក់ផ្សេងទៀតនៅមជ្ឍមណ្ឌលក្រុងប៉ូកាវ៉ូ។
OCHA និយាយថា ដៃគូបណ្តោះអាសន្នរបស់ពួកគេបានផ្អាកដំណើរការវាយតម្លៃជាបណ្តោះអាសន្នលើតម្រូវការមនុស្សធម៌នៅក្នុងតំបន់នោះ បន្ទាប់ពីមានហេតុការណ៍ផ្ទុះ។ ក្រោយមកទៀតទើបពួកគេបន្តជំនួយមនុស្សធម៌ឡើងវិញ។
ភ្នាក់ងារជំនួយមនុស្សធម៌និយាយថា “អាជ្ញាធរគីវ៉ូខាងត្បូងបានប៉ាន់ស្មានថាមនុស្សប្រមាណ១២៥.០០០នាក់ បានចំណាកស្រុកចាប់តាំងពីដើមខែកុម្ភៈ ចំពេលមានការប៉ះទង្គិចគ្នានៅភាគអាគ្នេយ៍ប៉ូកាវ៉ូ”។
ភាគច្រើននៃអ្នកចំណាកស្រុកទាំងនេះបានស្វែងរកទីជម្រកនៅតាមសាលារៀន ព្រះវិហារ និងទីលានបាល់ទាត់ ហើយការប៉ះទង្គិចដែលកំពុងបន្តនៅក្នុងតំបន់កំពុងរារាំងដល់ដំណើរការការងារមនុស្សធម៌។
លោក ស្តេហ្វាន ដូចារិក ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អានថូណូនីអូ ហ្កាតថៀរ៉េស បាននិយាយថា “សហការីរបស់យើងនៅទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានប្រាប់យើងពីចំនួនជនស៊ីវិលកុងហ្គោដែលភៀសខ្លួនពីជម្លោះនៅតែបន្តកើនឡើង។ ក្នុងរយៈពេលត្រឹមតែ២សប្តាហ៍មានទាំងបុរស ស្ត្រី និងក្មេងៗចំនួន៦០.០០០នាក់ បានរត់ចេញពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោទៅសាធារណរដ្ឋប៊ូរុនឌី ដោយអ្នកខ្លះបានដើររាប់រយគីឡូម៉ែត្រដើម្បីរស្វែងរកទីសុវត្ថិភាពទាំងអស់សង្ឃឹម”។
លោក ដូចារិក បានប្រាប់អ្នកយកព័ត៌មានក្នុងកិច្ចប្រជុំទៀតទាត់មួយថា UNHCR និងដៃគូនានាកំពុងរៀបចំជំនួយ តម្លើងបោះតង់ ចែកអាហារ និងទឹកដល់អ្នកមកដល់ថ្មី។ សម្ភារៈសង្គ្រោះមួយចំនួនដូចជា សម្ភារៈសម្រាប់គេង ធុងទឹក និងសាប៊ូក៏ត្រូវបានចែកផងដែរ៕