ស្លាប់ជនជាតិប៉ាឡេស្ទីន៤នាក់ក្នុងការវាយប្រហារនៅទូទាំងតំបន់ហ្កាហ្សា

0

ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីន ៤នាក់ស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែលនៅទូទាំងតំបន់ភាគខាងជើង និងភាគខាងត្បូងទីក្រុងហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២៦ នេះបើតាមប្រភពពីសន្តិសុខប៉ាឡេស្ទីន និងអាជ្ញាធរសុខាភិបាល។

ប្រភពពីខាងសន្តិសុខបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបាញ់មីស៊ីលមួយគ្រាប់ទៅលើជនស៊ីវិលនៅក្បែរមន្ទីពេទ្យអាល់សាអ៊ីដយេម៉ែន នៅក្នុងជំរំជនភៀសខ្លួនចាបាលៀ ភាគខាងជើងតំបន់ហ្កាហ្សា សម្លាប់មនុស្ស២នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។

នៅភាគខាងត្បូងទីក្រុងហ្កាហ្សា ប្រភពពីខាងមន្ទីពេទ្យបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនម្នាក់ស្លាប់ក្នុងការវាយប្រហារដែលកំណត់គោលដៅនៅកណ្តាលទីក្រុងខានយូនីស។

ប្រភពបានបន្ថែមថា ការវាយប្រហារមួយផ្សេងទៀតនៅក្នុងតំបន់រ៉ាហ្វាបានសម្លាប់បុរសជំទង់ជនជាតិប៉ាឡេស្ទីនម្នាក់។

មិនមានសេចក្តីអត្ថាធិប្បាយភ្លាមៗពីខាងកងទ័ពអ៊ីស្រាអែលអំពីឧបទ្ទវហេតុទាំងនេះនៅឡើយទេ។

 អាជ្ញាធរសុខាភិបាលប្រចាំនៅតំបន់ហ្កាហ្សាបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខេមេសា ថា មន្ទីពេទ្យហ្កាហ្សាបានទទួលសាកសពចំនួន២ និងអ្នករបួស២១នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះដែលធ្វើឲ្យអ្នកស្លាប់កើនដល់ ៧៣៨នាក់ និងអ្នករបួស ២.០៣៦នាក់ គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី១០​ ខែតុលា ឆ្នាំ២០២៥។

ចំនួនសរុបគិតចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មកដល់ពេលនេះមានចំនួន៧២.៣១៧នាក់ និងអ្នករបួស ១៧២.១៥៨នាក់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here