ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៦
គណៈកម្មាការប្រឆាំងភាវរកម្មបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាការបំផ្ទុះនៅអេស៊ីបបានសម្លាប់មនុស្សអស់ប្រាំមួយនាក់ក្នុងនោះមានមន្រ្តីប៉ូលីសបីនាក់ និងអ្នកដំណើរឆ្លងកាត់បីនាក់។ ពួក ISIS បានអះអាងតាមរយៈការបង្ហោះលើគេហទំព័រ Twitter មួយដែលត្រូវបានអ្នកគាំទ្រជាច្រើនបាន tweet តៗគ្នាថាខ្លួនជាអ្នករៀបចំការបំផ្ទុះនេះឡើង ។ ISIS បានបន្ថែមទៀតថាខ្លួនបានសម្លាប់មន្រ្តីសន្តិសុខចំនួន ១០នាក់ និងធ្វើឱ្យមានអ្នករងរបួស ២០នាក់ផ្សេងទៀត។ យោងតាមប្រភពព័ត៌មានពីអង្គភាពប្រឆាំងភាវរកម្មបានឱ្យដឹងថាការផ្ទុះនេះកើតឡើងក្នុងរដ្ឋធានី Giza ដែលជាទីក្រុងធំទីបីរបស់ប្រទេសអេហ្ស៊ីប។ ការផ្ទុះបានកើតឡើងបន្ទាប់ពីកម្លាំងប៉ូលិសបានចូលទៅក្នុងផ្ទះល្វែងមួយកន្លែងដែលជាកន្លែងលាក់ខ្លួនរបស់សមាជិកនៃក្រុមភាវរករជនជាតិអ៊ីស្លាម ” Muslim Brotherhood” ដែលមានបង្កប់គ្រឿងផ្ទុះ និង IEDs ។ “ក្នុងនាមជាអ្នកជំនាញខាងគ្រឿងផ្ទុះ ក្រុមកម្លាំងមានសមត្ថកិច្ចបានចូលទៅធ្វើការដោះគ្រឿងផ្ទុះទាំងនេះដើម្បីរក្សាសុវត្ថិភាពផ្ទះល្វែងដែលគេប្រើជាអន្ទាក់រៀបចំគ្រឿងផ្ទុះ ប៉ុន្តែអន្ទាក់នោះក៏បានផ្ទុះឡើង ហើយថែមទាំងបានសម្លាប់មន្ត្រីប៉ូលីសចំនួនបីនាក់ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះផងដែរ។ ក្រោយពីមានការផ្ទុះ គេបានរកឃើញសាកសពមិនស្គាល់អត្តសញ្ញាណ ២នាក់ និងមនុស្ស ១៣នាក់ផ្សេងទៀតរងរបួស។ ទន្ទឹមនឹងនេះដែរកាសែតរបស់រដ្ឋ Ahram Online បានចុះផ្សាយថាការផ្ទុះនេះបានសម្លាប់មនុស្ស ១០នាក់ ក្នុងនោះមន្រ្តីប៉ូលិសចំនួន ៧នាក់ និងជនស៊ីវិលចំនួន ៣នាក់។ កាសែតក៏បានបញ្ជាក់ទៀតថាលោកវរសេនីយ៍ឯក Mohamed Amin ដែលជាប្រធាននាយកដ្ឋានស៊ើបអង្កេតនៅអង្គភាពប៉ូលីស កូហារ៉ាម (Haram) ក៏ស្ថិតក្នុងចំណោមអ្នករងរបួសផងដែរ។