ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦
រូបភាពបង្ហាញពីជនសង្ស័យ ៣រូបដែលនៅពីក្រោយការបំផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីប្រទេសប៊ែលហ្សិកត្រូវបានគេបង្ហាញ។ រូបភាពនេះមានប្រភពមកពីកាមេរ៉ាសន្តិសុខព្រលានយន្តហោះ និងបានបង្ហាញជាលើកដំបូងដោយកាសែត La Derniere Heure (The Latest Hour) នៃទីក្រុងព្រុសសែល។ រូបថតនេះបង្ហាញពីបុរស ២នាក់សក់ខ្មៅដែលម្នាក់ក្នុងចំណោមពួកគេមានពុកមាត់ពាក់អាវរងារ (Jumper) ពណ៌ខ្មៅ។ ពួកគេទាំង២ រុញរទេះដឹកឥវ៉ាន់នៅក្នុងព្រលានយន្តហោះ ហើយអ្នកទាំង២ មានពាក់ស្រោមដៃលើដៃតែម្ខាង។ សហព័ន្ធព្រះរាជអាជ្ញាប្រទេសបែលហ្ស៊ិកលោក Frederic Van Leeuw ថ្លែងនៅក្នុងសន្និសីទកាសែតមួយថាជនទាំង២ ហាក់ដូចជាព្យាយាមធ្វើការវាយប្រហារអត្តឃាត ។ រីឯបុរសទី៣ មានពាក់មួក។ ប៉ូលីសបានចេញផ្សាយសេចក្តីជូនដំណឹងតាមចាប់ខ្លួនជនសង្ស័យទាំង ៣នាក់នេះ។ យោងតាមសារព័ត៌មាន Reuters ជនសង្ស័យទី៣ ត្រូវបានគេឃើញរត់ចេញពីអគារព្រលានយន្តហោះ។ កាសែតប្រទេសបែលហ្ស៊ិក Het Nieuwsblad រាយការណ៍ថានៅពេលនេះជនសង្ស័យទី៣ ដែលព្យាយាមបំផ្ទុះខ្លួនឯងនៅព្រលានយន្តហោះកំពុងតែរត់គេចខ្លួន។ ក្រុមអ្នកជំនាញគ្រឿងផ្ទុះប្រទេសបែលហ្ស៊ិកបានរកឃើញកញ្ចប់គួរឲ្យសង្ស័យមួយនៅព្រលានយន្តហោះ ហើយខ្សែក្រវ៉ាត់គ្រាប់បែកអត្តឃាតមួយដែលមិនទាន់ផ្ទុះក៏ត្រូវរកឃើញនៅព្រលានយន្តហោះដែលអាជ្ញាធរជឿថាវាអាចជាកម្មសិទ្ធិរបស់ជនភេរវករទី៣ ដែលព្យាយាមរត់គេចចេញពីកន្លែងកើតហេតុនោះ។ ការផ្ទុះ ២លើកនៅក្នុងសាលចេញដំណើរនៃព្រលានយន្តហោះ Zaventem នៃទីក្រុងព្រុសសែលនៅប្រហែលម៉ោង ៨ព្រឹកម៉ោងក្នុងស្រុក ដែលម្នាក់ក្នុងចំណោមជនភេរវករទាំងអស់ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ហើយគ្រាប់បែកផ្សេងទៀតបានផ្ទុះនៅព្រលានយន្តហោះដែលអាចជាគ្រាប់បែកដែលគេបង្កប់ក្នុងវ៉ាលីសមួយ។ គួរបញ្ជាក់ផងដែរថាមានមនុស្ស ១៤នាក់ស្លាប់ និងជិត ១០០នាក់ផ្សេងទៀតរងរបួស។ ការកាន់ទុក្ខជាតិរយៈពេល ៣ថ្ងៃត្រូវបានប្រកាស។ នាយករដ្ឋមន្រ្តីប្រទេសបែលហ្ស៊ិកលោក Charles Michel បញ្ជាក់ថាការបំផ្ទុះគ្រាប់បែកនេះជាការវាយប្រហារភេរវកម្ម។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅក្នុងទីក្រុងព្រុសសែលនេះ។