ការបំផ្ទុះគ្រាប់បែកអត្តឃាតសំលាប់មនុស្សច្រើនជាង ៥០នាក់ភាគច្រើនជាស្ត្រី និងកុមារនៅក្បែរឧទ្យានប្រទេសប៉ាគីស្ថាន

0

ប្រភពព័ត៌មាន RT បានចុះផ្សាយថ្ងៃទី២៧​ ខែមីនា ឆ្នាំ ២០១៦ បានឲ្យដឹងថា

មន្ត្រីប៉ូលីសបាននិយាយថាយ៉ាងហោចណាស់មានមនុស្ស ៥៣នាក់ស្លាប់ និងមនុស្ស ១៥០នាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងព្រឹត្តការណ៍ផ្ទុះគ្រាប់បែកមួយនៅខាងក្រៅរបងឧទ្យានសារធារណៈក្នុងទីក្រុង Lahore នៃប្រទេសប៉ាគីស្ថានភាគខាងកើតកាលពីថ្ងៃអាទិត្យម្សិលមិញ។ អ្នករងរបួសភាគច្រើនជាស្រ្តី និងកុមារ។ មនុស្សស្លាប់ និងអ្នករងរបួសភាគច្រើនជាស្រ្តី និងកុមារ នេះបើតាមលោកអគ្គមេបញ្ជាការប៉ូលីសប្រចាំតំបន់បានប្រាប់ Reuters។ ប៉ូលីសបានឲ្យដឹងថា​ការផ្ទុះគ្រាប់បែកនេះកើតឡើងដោយសារអ្នកបោកគ្រាប់បែកអត្តឃាតម្នាក់។ ការបំផ្ទុះគ្រាប់បែកកើតឡើងនៅឧទ្យាន Gulshan Iqbal ដែលមានមនុស្សកុះករនៅចំណុចទីតាំងក្រៅរបងឧទ្យាន និងមានចំងាយត្រឹមតែ ២ ឬ ៣ម៉ែតពីទោងក្មេងលេងប៉ុណ្នោះ។ ក្នុងឧទ្យានសម្បូរមនុស្សច្រើនកុះករដោយសារគ្រឹស្តសាសនិកបានប្រារព្ធពិធីបុណ្យលំហែកាយ Ester និងមានក្រុមគ្រួសារជាច្រើនចាកចេញពីឧទ្យាននៅពេលដែលមានការបំផ្ទុះកើតឡើង​ យោងតាមការបញ្ជាក់ពីកំណត់ហេតុរបស់លោកមន្រ្តីប៉ូលីស Haider Ashraf ។ លោកបានបន្ថែមទៀតថាចំនួនអ្នកស្លាប់នឹងអាចកើនឡើងដោយសារអ្នករងរបួសជាច្រើនស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។ Jam Sajjad Hussain ដែលជាអ្នកនាំពាក្យរបស់ក្រុមសង្គ្រោះ ១១២បានប្រាប់ Reuters ថាជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ។ ប្រភពសារព័ត៌មាន DawnNews បានចុះផ្សាយថាមានមន្រ្តីសន្តិសុខតិចតួច ឬពុំមានមន្រ្តីសន្តិសុខមានវត្តមានក្នុងឧទ្យាន ឬជុំវិញនោះទេ។ ប្រភពសាក្សីបានឃើញផ្ទាល់ភ្នែកជាច្រើនបានប្រាប់សារព័តមាន DawnNews ថា ឧទ្យានគឺធំ ហើយមានមនុស្សម្នាជាច្រើនបានចូលមកលេងក្នុងរបង។ នៅឧទ្យាននេះទៀតសោតស្ទើរតែគ្មានវតុ្តមានមន្រ្តីសន្តិសុខនោះទេ។ ការសង្រ្គោះបន្ទាន់ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យក្នុងទីក្រុងទាំងអស់។ អាជ្ញាធរក៏បានប្រកាសស្វែងរកជំនួយបរិចាកឈាម ពីព្រោះការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់។ ក្រុមហ៊ុន Facebook បានដំណើរការមុខងារថ្មីរបស់ខ្លួន ‘Safe Check’ ដែលបង្កើតឡើងដើម្បីជួយតាមដានមនុស្សក្រោយពីមានឧបត្តិហេតុបណ្តាលឲ្យស្លាប់ក្នុងក្រុង Lahore។ ប្រភពព័ត៌មាន Waqt News ក៏បានឲ្យដឹងថា ក្រោយមកមន្រ្តីសន្តិសុខក៏បានមកដល់កន្លែងកើតហេតុ និងបានចាប់ផ្តើមធ្វើការត្រួតពិត្យជុំវិញឧទ្យានជាមួយក្រុមសង្គ្រោះដែលត្រូវបានគេបញ្ចូនទៅតំបន់នោះ។ សូមបញ្ជាក់ថាពុំទាន់មានក្រុមភេរវករណាមួយចេញមុខលើករណីបំផ្ទុះក្នុងថ្ងៃអាទិត្យនោះនៅឡើយទេ។ ជនជាតិប៉ាគីស្ថានបានទទួលការរងគ្រោះពីការប៉ះបោររបស់ពួក Taliban ក្រុមឧក្រិដ្ឋជន និងអំពើរហឹង្សាខាងនិកាយសាសនានៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ Lahore គឺជារាជធានីបេះដូងនៃអ្នកនយោបាយ Punjab របស់នាយករដ្ឋមន្រ្តី Nawaz Sharif ដែលជារាជធានីធំជាងគេ និងមានជាងគេបង្អស់។

28-03-16