ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៦
ជិត ២ ភាគ ៣ នៃប្រជាជនអាមេរិកជឿជាក់ថាការធ្វើទារុណកម្មអាចជាវិធីដើម្បីទាញយកទិន្នន័យពីភេរវករដែលគេសង្ស័យ។ កម្រិតនៃការគាំទ្រនេះស្រដៀងគ្នាទៅនឹងការស្ទង់មតិដែលបានឃើញនៅក្នុងប្រទេសដូចជា ប្រទេសនីហ្សេរីយ៉ា ជាកន្លែងដែលការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធក្លាយជារឿងធម្មតា។ ការស្ទង់មតិនេះ ឆ្លុះបញ្ចាំងថាសាធារណជនអាមេរិកស្ថិតនៅលើការរំជួលចិត្តបន្ទាប់ពីមានការសម្លាប់រង្គាលមនុស្ស ១៤នាក់នៅក្នុងទីក្រុង San Bernardino នៅខែធ្នូ និងការវាយប្រហារទ្រង់ទ្រាយធំនៅតំបន់អឺរ៉ុប ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រួមទាំងការបំផ្ទុះគ្រាប់បែកដែលបានអះអាងទទួលខុសត្រូវដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម កាលពីសប្តាហ៍មុនដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២នាក់នៅក្នុងប្រទេសប៊ែលហ្សិក។ ការស្ទង់មតិចាប់ពីថ្ងៃទី ២២ ដល់ ២៨ មីនា ដែលបានស្នើសុំអោយឆ្លើយតបថាតើការធ្វើទារុណកម្មគួរតែប្រើប្រឆាំងនឹងភេរវករដែលគេសង្ស័យដើម្បីទទួលបានព័ត៌មានអំពីអំពើភេរវកម្មដែរឬទេ។ ក្នុងនោះ មនុស្សប្រហែល ២៥ភាគរយនិយាយថាការធ្វើទារុណកម្មគួរតែធ្វើជាញឹកញាប់ ខណៈដែល ៣៨ភាគរយទៀត ឆ្លើយថាគួរតែប្រើក្នុងពេលខ្លះ ហើយមានតែ ១៥ភាគរយនិយាយថាការធ្វើទារុណកម្មមិនគួរត្រូវបានប្រើនោះទេ។