ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស ២១នាក់រងរបួសកាលពីថ្ងៃចន្ទនៅពេលដែលឧបករណ៍បំផ្ទុះគ្រាប់បែកបានផ្ទុះឡើងក្នុងរថយន្ដក្រុងមួយក្នុងទីក្រុងយេរូសាឡឹម។ ប៉ូលីស និងមន្រ្តីអ៊ីស្រាអែលបាននិយាយថាការផ្ទុះនេះបណ្តាលឲ្យឆាបឆេះរាលដាលដល់រថយន្ដក្រុងដែលនៅក្បែរនោះផងដែរ។ ប្រធានាធិបតី និងនាយករដ្ឋមន្ដ្រីប្រទេសអ៊ីស្រាអែលបាននិយាយថានេះជាការវាយប្រហារភេរវកម្ម។ មេបញ្ជាការប៉ូលិសក្រុងយេរូសាឡឹម Yoram HaLevi ឲ្យដឹងថាជនរងគ្រោះទាំងអស់ស្ថិតនៅលើរថយន្តក្រុងដែលមានផ្ទុកគ្រឿងផ្ទុះដែលនៅផ្នែកខាងក្រោយនៃរថយន្ដក្រុង។ យ៉ាងហោចណាស់មានជនរងគ្រោះ ២នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថាមិនទាន់មានក្រុមណាមួយចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេតែក្រុមហាម៉ាស់ (Hamas) បានចេញសេចក្តីថ្លែងការណ៍សរសើរអំពីការវាយប្រហារនេះ ប៉ុន្តែមិនបានទទួលអះអាងថាខ្លួនជាអ្នកវាយប្រហារនោះទេ។