ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៦
មនុស្សម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅចំណតរថយន្ដក្រុងមួយកន្លែងក្នុងទីក្រុងភាគខាងលិចប្រទេសរុស្ស៊ី។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ម៉ោងប្រម៉ាណជា ៣រសៀលក្នុងទីក្រុង Pasha ភាគឦសាន Saint Petersburg។ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនៃក្រសួងកិច្ចការផ្ទៃក្នុងនៃក្រុង Saint Petersburg លោក Vyacheslav Stepchenko បានឲ្យដឹងថា “មានការឈ្លោះប្រកែកគ្នារវាងអ្នកស្រុកដែលរស់នៅក្នុងតំបន់នេះ ពួកគេកំពុងទទួលទានគ្រឿងស្រវឹង។ ម្នាក់ក្នុងចំណោមពួកគេបានយកគ្រាប់បែកមួយគ្រាប់ចេញមក គ្រាប់បែកក៏ផ្ទុះឡើងសម្លាប់បុរសម្នាក់ នេះបើយោងតាមសេចក្តីរាយការណ៍បឋម”។ លោកបានបន្ថែមថាមនុស្ស ៣នាក់ផ្សេងទៀតបានរងរបួស និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរថា ក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមកំណត់ប្រភពដើមនៃគ្រាប់បែកដែលគេបានបំផ្ទុះនេះ៕