ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៦
ក្រុមរដ្ឋអ៊ីស្លាមបានបើកការវាយប្រហារលើរោងចក្រចំរាញ់ឧស្ម័នក្នុងរដ្ឋមួយនៅជាយក្រុងភាគខាងជើងនៃទីក្រុងបាដាដប្រទេសអ៊ីរ៉ាក់។ បើយោងតាមប៉ូលិសបានឲ្យដឹងថាមានមនុស្ស ១៤នាក់ស្លាប់ និងយ៉ាងហោចណាស់ ២៧នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះគ្រាប់បែកនេះ។ ការវាយប្រហារនេះកើតឡើងដោយប្រើការផ្ទុះរថយន្តមួយនៅផ្លូវចូលទៅកាន់រោងចក្រប្រហែលម៉ោង ៦ព្រឹកថ្ងៃអាទិត្យ។ បន្ទាប់មកអ្នកវាយប្រហារយ៉ាងហោចណាស់ ៦នាក់មកដល់ដោយរថយន្តមួយផ្សេងទៀតដែលមានពាក់អាវកាក់គ្រាប់បែក និងបានប៉ះទង្គិចជាមួយប៉ូលិស។ កងកម្លាំងសន្តិសុខស្ថិតក្នុងចំណោមជនរងគ្រោះ ១១នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។ ក្នុងអំឡុងពេលវាយប្រហារកន្លែងផ្ទុកឧស្ម័ន ៣កន្លែងឆេះខណៈដែលប៉ូលិសប៉ះទង្គិចជាមួយភេរវករ។ នេះបើយោងតាមបុគ្គលិករោងចក្រម្នាក់ដែលរស់នៅក្បែរនោះបាននិយាយថាគាត់ឮសំឡេងផ្ទុះដ៏ខ្លាំង ហើយបន្ទាប់មកគាត់ឃើញអណ្តាតភ្លើង និងផ្សែងខ្មៅចេញពីក្នុងរោងចក្រ។ ប៉ូលិស និងកងកម្លាំងទ័ពប្រញាប់ទៅកន្លែងកើតហេតុ ហើយប្រយុទ្ធគ្នាជាមួយក្រុមភេរវករប្រមាណជា ១ម៉ោង។ ស្របពេលគ្នានេះដែរការវាយប្រហារដោយគ្រាប់រ៉ូកែតចំនួន ៣គ្រាប់ផ្សេងទៀតនៅជាយក្រុងបាដាដដោយបន្សល់ទុកយ៉ាងហោចណាស់ ៨នាក់ស្លាប់ និង២៨នាក់ទៀតរងរបួស នេះបើយោងតាមប៉ូលិសដែលដកស្រង់ដោយ AP៕