ប្រភពព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៦
ឧត្ថម្ភាគចក្រ Sikorsky S-70 មានផ្ទុកមន្រ្តីយោធា ក្រុមគ្រួសារ និងកូនរបស់ពួកគេបានធ្លាក់ចុះនៅក្នុងខេត្តហ្គើរិសាន់ ក្នុងប្រទេសតួគី ក្បែរសមុទ្រខ្មៅ ហើយការធ្លាក់នេះកើតឡើងនៅម៉ោងប្រមាណ 17 និង 15 នាទី ម៉ោងក្នុងតំបន់ (14:15 GMT)។ ក្រុមគ្រួសារ និងកូនៗ របស់កងយោធាសរុបចំនួន ០៧ នាក់ រួមទាំងមន្រ្តីយោធាបានបាត់បង់ជិវិត នេះយោងតាមប្រភពព័ត៌មានពីលោកមេបញ្ជាការទាហាន។ លោកនាយករដ្ឋមន្រ្តី ប៊ីណាលី យីលឌីរីមបាន ថ្លែងប្រាប់បណ្តាញ សារព័ត៌មានថា ការធ្លាក់នេះបណ្តាលមកពី អាកាសធាតុមិនល្អ ផ្ទុយទៅវិញ លោកឧបនាយករដ្ឋមន្រ្តីណឺរីទីន កានីកលី ដែលបានចុះទៅ តំបន់ឧត្ថម្ភាគចក្រធ្លាក់ដោយផ្ទាល់បានឲ្យដឹងថា ការធ្លាក់នេះអាចបណ្តាលមកពីអំពើភេរវកម្ម។ ទោះបីជាយ៉ាងនេះក្តីបុព្វហេតុនៃការធ្លាក់នេះ ពុំទាន់មានការអះអាងច្បាស់ជាផ្លូវការនៅឡើយ ប៉ុន្តែយោងតាមការស៊ើបអង្គេតនៅពេលនោះអំឡុងពេលហោះហើរអាកាសធាតុពិតធ្លាក់ចុះមែន។