ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៦
បើទោះបីជាស្ថិតនៅក្រោមការដាក់សម្ពាធពីសហភាពអ៊ឺរ៉ុប និងអង្គការសហប្រជាជាតិទៅលើអ៊ីស្រាអែលដើម្បីបញ្ឈប់ការវាយកំទេចចូលអាគាររបស់ប៉ាឡេស្ទីនទៀត ក៏អាជ្ញាធររបស់អ៊ីស្រាអែលចេញបញ្ជាឱ្យកំទេចចោលភ្លាមសាលារៀនរបស់ប៉ាឡេស្ទីនដែលស្ថិតនៅភាគខាងកើតនៃទីក្រុង យ៉េរូសាឡឹម (Jerusalem) បន្ទាប់ពីក្រុមនេះបញ្ជាក់ថាសាលារៀននេះបានសង់ដោយគ្មានការអនុញ្ញាត។ សាលាបឋមសិក្សាដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Kahn Al-Ahmar ដែលជាភូមិ Bedouin បានសាងសង់ឡើងក្នុងឆ្នាំ២០០៩ ដែលទទួលលុយជំនួយពីរដ្ឋាភិបាលអ៊ីតាលី ដែលបានបណ្តុះបណ្តាលក្មេងប្រមាណជា១៧០នាក់។ អាជ្ញាធរអ៊ីស្រាអែលចង់កំទេចសាលារៀននេះចោល ព្រោះបានសង់ឡើងនៅក្នុងគម្រោងផែនការនៃការពង្រីកផ្លូវរបស់ខ្លួន។ ប្រជាជនបានលើកមតិឡើងថាអាគារនេះសាងសង់ឡើងពីភក់ និងសំបកកង់ដើម្បីធ្វើឱ្យប្រាកដថាវាមិនបានបំពានទៅលើគម្រោងផែនការច្បាប់ណាមួយរបស់អ៊ីស្រាអែលដែលហាមឃាត់ប៉ាឡេស្ទីនមិនឱ្យសាងសង់អាគារធ្វើពីស៊ីម៉ង់។ ទន្ទឹមនឹងនេះផងដែរ ប្រជាជនដែលរស់នៅក្នុងតំបន់នេះបានចូលរួមតវ៉ានៅថ្ងៃពុធដែលដឹកនាំដោយក្រសួងអប់រំរបស់ប៉ាឡេស្ទីន។ គួរបញ្ជាក់ផងដែរថាតាមរយៈកិច្ចព្រមព្រៀង Oslo នៅក្នុងឆ្នាំ១៩៩៥ បានបែងចែកទឹកដីទាំងមូលរបស់ West Bank ទៅជា៣តំបន់ គឺ A B និង C ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ប៉ាឡេស្ទីន ឬមន្ត្រីរបស់ប៉ាឡេស្ទីន ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអ៊ីស្រាអែលដដែល។ ការបែងចែកទឹកដីនេះមានការសន្យាថានឹងប្រគល់ទៅកាន់ប៉ាឡេស្ទីនវិញនៅពេលក្រោយ ប៉ុន្តែវាមានរយៈពេលជាង ២០ឆ្នាំមកហើយដែលកិច្ចព្រមព្រៀងនេះនៅមិនទាន់កែសម្រួលនៅឡើយ។ បច្ចុប្បន្នសាលារៀននេះមានទីតាំងស្ថិតនៅក្នុងតំបន់ C ដែលជាផ្ទៃដី៦០% នៃតំបន់ West Bank ហើយដែលគ្រប់គ្រងទាំងស្រុងដោយអ៊ីស្រាអែល៕