ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦
ប៉ូលិសចាប់ក្មេងប្រុសជំទង់២នាក់ក្នុងប្រទេសថៃពីបទសម្លាប់ស្ត្រីម្នាក់ និងលាក់សាកសពក្នុងគ្រែក្រោមពូកនៅបន្ទប់សណ្ឋាគារក្នុងទីក្រុងក្រុងផាត់តាយ៉ា នៃប្រទេសថៃ។ ឃាតករបានសម្លាប់រួចយកសាកសពលាក់ក្នុងប្រអប់គ្រែក្រោមពូកដែលពុំមានអ្នកណាដឹង។ ក្រោយមកមានភ្ញៀវ២នាក់ចូលមកស្នាក់នៅបន្ត ហើយរអ៊ូថាធំឃ្លិនស្អុយនៅក្នុងបន្ទប់របស់ពួកគេ ប៉ុន្តែពួកគេនៅតែបន្តស្នាក់នៅពេញមួយយប់។ ក្រោយពីភ្ញៀវទាំង២នាក់ចាកចេញអ្នកសំអាតបន្ទប់ចូលទៅរៀបចំគ្រែ ក្នុងសភាពមានធំខ្លិនស្អុយខ្លាំង គាត់ក៏បានព្យាយាមរកប្រភព គាត់ក៏ប្រទះឃើញឈាមនៅក្បែរគ្រែនោះ។ គាត់ក៏បន្តរករហូតដល់ប្រទះឃើញសាកសពលាក់នៅក្រោមពូក នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិសលោក កុលអាពីឆ័យក្របផេត ប្រាប់មកកាន់បណ្តាញសារព័ត៌មាន BBC ។ ក្រោយពីពិនិត្យសាកសពលោកប៉ូលិសបានប្រាប់ឲ្យដឹងថាសាកសពឈ្មោះ អាមផុន កុងសុង មានអាយុ ២៨ឆ្នាំជាបុរសកែភេទមកស្រី បានស្លាប់ ៣ ទៅ ៤ថ្ងៃមកហើយ។ ក្មេងប្រុសអាយុ ១៧ឆ្នាំដែលស្គាល់ អាមផុន តាមរយៈបណ្តាញហ្វែសបុក ហើយគិតថានាងនឹងអាចជួយស្វែងរកការងារឲ្យខ្លួនបានធ្វើក្នុងក្រុងផាត់តាយ៉ា នេះយោងតាមរៀបរាប់ពីលោកកុល អាពីឆ័យ។ ក្រោយមកពួកគេមកស្នាក់នៅក្នុងបន្ទប់សណ្ឋាគារជាមួយគ្នា ប៉ុន្តែក្រោយមកពួកគេបានវាយប្រតប់គ្នាក្រោយពី អាមផុន សុំរួមភេទជាមួយក្មេងប្រុសជំទង់នោះ។ ក្មេងប្រុសដែលមានវ័យ ១៧ឆ្នាំបានសំលាប់អ្នកស្រីអាមផុត ដោយមានការជ្រោមជ្រែងជួយពីមិត្តភក្តិរបស់ខ្លួនម្នាកទៀតដែលមានអាយុ ១៤ឆ្នាំ។ ការសំលាប់នេះកើតឡើងតាំងពីយប់ថ្ងៃព្រហស្បតិ៍ ហើយអ្នកគ្រប់គ្រងសណ្ឋាគារបានផ្តល់ព័ត៌មានជូនប៉ូលិសនៅថ្ងៃសៅរ៍។ ក្មេងប្រុសទាំង២នាក់ នឹងជាប់ចោទពីបទឃាតកម្ម និងលាក់សាកសព ប៉ុន្តែការកាត់ទោសនឹងធ្វើទៅនៅតុលាការអនីតិជន៕